ខេត្តពោធិ៍សាត់៖ យោងតាមបទបញ្ជាពីលោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានចាត់ឲ្យសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេភូមិប្រមោយ និងបក្ខពួកម្នាក់ទៀត កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង។ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ ធ្វើការឈូសឆាយរំលោភយកដីព្រៃរបស់រដ្ឋ ១២០០ហិកតារ។

ជនសង្ស័យទាំងពីរនាក់នោះ ទី១ឈ្មោះ ខាន់ ខូវ អាយុ៦៩ឆ្នាំ ជាមេភូមិប្រម៉ោយ និងទី២ឈ្មោះ ធឿន ធីហុង អាយុ៣៣ឆ្នាំ មានតួនាទីជាអ្នករៀបចំវាស់វែង ចាត់ចែងក្បាលដី។
ឯកសាររាជរដ្ឋាភិបាល លេខ ០៦៣៥ស.ជ.ណ ចុះថ្ងៃ១៤ ខែមករា ឆ្នាំ២០២០ ដែលជនសង្ស័យក្លែងបន្លំនោះ មានទំហំដីរហូតទៅដល់ ១២០០ហិកតារ ដោយឯកសារនេះបានយកមកប្រើបាស់ មុនថ្ងៃចុះហត្ថលេខាពីថ្នាក់លើ។

សេចក្តីរាយការណ៍បានបន្តថា បើយោងតាមរបាយការណ៍ពិនិត្យឃើញថា នៅក្នុងឯកសារដីព្រៃដែលបានកាប់ឈូសឆាយរុករាកទន្រ្ទាន ចាត់ចែងលក់ទិញនោះ មានទំហំប្រហែល៣៧ហិកតារតែប៉ុណ្ណោះ តែបើតាមការស្រាវជ្រាវជាក់ស្ដែង ឃើញថាដីនៅចំណុចនោះ មាននៅក្នុង ស.ជ.ណ ជនសង្ស័យបានក្លែងបន្លំឯកសារ មានរហូតដល់១២០០ហិកតារ។
ជនសង្ស័យ ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕