ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ក្រោយពេលកងទ័ពអាមេរិក ទម្លាក់គ្រាប់បែកបរមាណូ២គ្រាប់ទៅលើប្រទេសជប៉ុន ធ្វើឲ្យជប៉ុន ចុះចាញ់សង្គ្រាមនៅអាស៊ី បន្ទាប់ពីកងទ័ពអាល្លឺម៉ង់ ជាសម្ព័ន្ធមិត្តចាញ់សង្គ្រាមនៅអឺរ៉ុប នៅក្នុងឆ្នាំ១៩៤៧នោះដែរ បារាំងក៏បានទាមទារយកទឹកដីខេត្តបាត់ដំបង និងមួយផ្នែកធំនៃខេត្តសៀមរាប និងខេត្តកំពង់ធំ ពីប្រទេសសៀមវិញ បានដោយជោគជ័យ ។

ពេលនោះដែរ ព្រះតេជគុណមេគណខេត្តបាត់ដំបង ដែលជាទឹកដីដែលសៀម ទើបតែប្រគល់មកឲ្យខ្មែរវិញថ្មីៗ ក៏បាននិមន្តមកអារាធនាព្រះមហាក្សត្រដែលកំពុងសាងព្រះផ្នួសនោះ ទៅសម្ដែងព្រះធម៌ទេសនានៅក្នុងខេត្តរបស់ព្រះតេជគុណ ។ ពេលនោះព្រះអង្គសម្រេចព្រះទ័យរំលោភពុទ្ធប្បញ្ញត្តិដែលបានហាមឃាត់ថា នៅក្នុងរដូវវស្សា ព្រះអង្គទាំងអស់មិនត្រូវនិមន្តចេញទៅទីណាឆ្ងាយពីវត្តបាននោះ ដើម្បីតម្រូវតាមការមកយាងរបស់មេគណខេត្ត និងប្រជានុរាស្ត្រជាពុទ្ធបរិស័ទនៅខេត្តបាត់ដំបង នោះផងដែរ ។ ក្រោយពីបានដំណឹងថា ព្រះសង្ឃជាព្រះមហាក្សត្របានយាងទៅសម្ដែងធម៌ទេសនានៅខេត្តបាត់ដំបងនោះមក ព្រះតេជគុណជាមេគណខេត្តផ្សេងៗទៀត ក៏បាននាំគ្នាមកនិមន្តយាងព្រះអង្គឲ្យទៅសម្ដែងព្រះធម៌ទេសនានៅខេត្តរបស់ព្រះតេជគុណជាបន្តបន្ទាប់ ដូចព្រះមេគណខេត្តបាត់ដំបងដែរ ។ ពេលយាងទៅតាមបណ្ដាខេត្តទាំងអស់នោះ ពុទ្ធបរិស័ទទាំងអ្នកមាន ទាំងអ្នកក្រដ៏ច្រើនកុះករ នាំគ្នាប្រជ្រៀតនចូលមកប្រគេនចង្ហាន់រាប់រយមុខ សម្បូរពាសពេញ និងមានឱជារសឆ្ងាញ់ពិសាបំផុត ។

ចំណែកនៅក្រុងភ្នំពេញ វិញ ឧបាសក ឧបាសិកា បានមករៀបចំចង្ហាន់ប្រគេនព្រះអង្គ ទាំងពេលព្រឹក និងពេលថ្ងៃត្រង់យ៉ាងផ្ចិតផ្ចង់ ហើយពុទ្ធបរិស័ទ មកពីសង្កាត់ផ្សេងៗ ក៏បានយកចង្ហាន់ដ៏ច្រើនសន្ធឹកសន្ធាប់ សម្បូរណ៍ហូរហៀ រហូតត្រូវមានរថយន្តប្រចាំព្រះបរមរាជវាំងមកដឹកចង្ហាន់ទាំងអស់នោះ យកទៅប្រគេនព្រះសង្ឃគង់នៅវត្តផ្សេងៗទៀត ដែលមានការខ្វះខាតទៀតផង ។
នៅក្នុងខែកញ្ញា ឆ្នាំ ១៩៤៧ គម្រប់រយៈពេល៣ខែ ព្រះអង្គក៏បានលាចាកសក្ខាបទត្រឡប់មកគ្រប់គ្រងព្រះរាជតួនាទីជាព្រះមហាក្សត្រ វិញ៕