ភ្នំពេញ៖ ក្រុមជំនាញខាងបច្ចេកទេសដងស្ទូច កំពុងរុះរើ ដើម្បីបិទបញ្ចប់ការសាសង់សំណង់អគារខុនដូ ខ្ពស់មួយ ស្រាប់តែបាក់ធ្លាក់សង្កត់អេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀតរបស់ស្ថានទូតអាមេរិក ព្រមទាំងរងរបួសមន្រ្តីស្ថានទូតម្នាក់ផងដែរ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់អគារខុនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមជំនាញខាងបច្ចេកទេសដងស្ទូច បានរុះរើ ដើម្បីបិទបញ្ចប់ការសាងសង់ តែខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេសយ៉ាងម៉េចទេ ស្រាប់តែបាក់ដងស្ទូចធ្លាក់មកដល់ដី បណ្ដាលឲ្យសង្កត់អេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ព្រមទាំងមន្រ្តីស្ថានទូតម្នាក់រងរបួស។

ក្រោយពេលកើតហេតុ គេឃើញលោក អាំង សេរិពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យជាក់ស្តែង ហើយបានសម្រេចផ្អាកការដ្ឋានជាបណ្តោះអាសន្នសិន និងបានឃាត់ខ្លួនមេការជនជាតិចិនម្នាក់ និងខ្មែរម្នាក់ទៀត យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ៕