ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យនិងរកឃើញសារធាតុគីមីបូរ៉ាក់ នៅលើម្ហូបអាហារចំនួន២មុខ និង៤មុខទៀតសង្ស័យជាប់កាកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិត នៅក្នុងផ្សាររ៉ា ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា ការយកគំរូមុខទំនិញម្ហូបអាហារ មានដូចជា ត្រី សាច់ បន្ថែ ឡូត បាញ់ឌុក ផ្លែឈើ និងគ្រឿងសមុទ្រ ដែលបានដកហូតមកពីផ្សាររ៉ា នៅក្រុងប៉ោយប៉ោយប៉ែត ភាគច្រើនអាជីវករនាំចូលពីប្រទេសថៃ និងមួយចំនួនតូចដាំដុះនៅលើក្នុងស្រុក ឃើញថា ការធ្វើតេស្តជាបឋមនៅមន្ទីរពិសោធន៍ខ្នាតតូចនៅក្រុងប៉ោយប៉ែត ទាំង៤៣មុខ រកឃើញ២មុខលាយសារធាតុគីមីបូរ៉ាក់ក្នុងកំរិតច្រើន ដាក់នៅលើនំបាញ់ឌុក និងសសៃឡូត។

លោកក៏បានបញ្ជាក់ផងដែរថា ក្រុមការងារនឹងតាមដានឲ្យបានស៊ីជម្រៅនៅទីតាំងផលិតនោះ ហើយនឹងអនុវត្តជាក់ស្តែងទៅតាមទំហំនៃការផលិតនោះជាមួយនិងអាជីវករ ។

គួរបញ្ជាក់ផងដែរថា ការទទួលទានចំណីអាហារដែលមានសារធាតុគីមីបូរ៉ាក់នេះ ធ្វើឲ្យប៉ះពាល់ក្រពះ ពោះវៀន ងងឹតមុខ ឈឺក្បាល វិលមុខ ឆ្អល់ពោះ បើសភាពធ្ងន់ធ្ងរអាចបាត់បង់ផ្លូវបន្តពូជ កើតជំងឺមហារីក បើសិនទទួលទានវាសុទ្ធត្រឹម៥ក្រាម សំរាប់កូនក្មេង និង១៥ក្រាមសំរាប់មនុស្សចាស់ វានិងក្អួតឈាមរហូតស្លាប់តែម្តង។

មន្ត្រីខាងលើក៏បានបញ្ជាក់បន្ថែមទៀតថា ក្រៅពីបាញ់នំបាញ់ឌុក និងបង្អែមលត មានផ្លែឈើចំនួន ៤មុខទៀត ដូចជាផ្លែប៉ម ផ្លែស្តូបឺរី ផ្លែសារី និងក្តិបឪឡឹក ដែលការធ្វើតេស្តបឋមវាមានពណ៌ដែលធ្វើឲ្យមានការសង្ស័យថាមានជាប់កំណកថ្នាំគីមីសម្លាប់សត្វល្អិត ក្រោយពីពិនិត្យផ្លែឈើទាំងនេះ និងយកទៅពិសោធន៍បន្ថែមទៀតនៅមន្ទីរពិសោធន៍ខ្នាតធំ នៅអគ្គនាយកដ្ឋានកាំកុងត្រូលរាជធានីភ្នំពេញ។ ថ្នាំសម្លាប់សត្វល្អិតនេះ ប៉ះពាល់ដល់អ្នកទទួលទាន ធ្វើឲ្យស្រវាំងភ្នែក ក្អួតចង្អោ ថប់ដង្ហើម បើករណីធ្ងន់ធ្ងរអាចសន្លប់ផងដែរ ៕