រាជធានីភ្នំពេញ៖ លោក ប៉ាទ្រីក មើហ្វី ( Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានបញ្ជាក់ជម្រាបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថាបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នាពេលនេះ គឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើងថែមទៀត។

ក្នុងឳកាសចូលជួបសម្តែងការគូសមជាមួយសម្តេចហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះលោក ប៉ាទ្រីក មើហ្វី បានឱ្យតម្លៃខ្ពស់ដល់ស្ថាប័នរដ្ឋសភា ដោយជាសារស្ថាប័នកំពូលនេះ ជាតំណាងឱ្យប្រជាពលរដ្ឋ។

លោក ឯកអគ្គរដ្ឋទូត ថាកម្ពុជានិងសហរដ្ឋអាមេរិកមានចំនុចជាច្រើនក្នុងប្រព័ន្ធដឹកនាំរដ្ឋដូចគ្នា ក្នុងនោះដូចជាការចែងអំពីលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋធម្មនុញ្ញ ហើយអំណាចដឹកនាំរដ្ឋទំាងបី ចែកដាច់ពីគ្នា។

លោក ប៉ាទ្រីក មើហ្វី បានលើកឡើងបន្តថា កម្ពុជានិងសហរដ្ឋអាមេរិក បានកសាងសមិទ្ធផលជាច្រើជាមួយគ្នារួចមកហើយ។នៅឆ្នា២០២០នេះ គឺជាឱកាសកាន់តែសំខាន់ទៀត ដែលប្រទេសទំាងពីរមានលទ្ធភាពនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ឆ្នាំ២០២០នេះ ជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទំាងពីរ។

ក្នុងពេលជាមួយគ្នានោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា បេសកកម្មការទូតរបស់ លោកប៉ាទ្រីក មើហ្វី ពិតជា មានសារៈសំខាន់ខ្លាំងណាស់ ដល់ការបន្តថែរក្សា និង លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។

សម្តេច ហេង សំរិន បានអបអរសាទរចំពោះ វឌ្ឍនភាពទាំងឡាយ ដែលប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជាបន្តបន្ទាប់មកនេះ បាននាំមកនូវផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជាតិទាំងសងខាង៕