រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសុខាភិបាល បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយថា ក្រុមគ្រូពេទ្យកម្ពុជា អាចព្យាបាលបុរសជនជាតិចិន ដែលផ្ទុកវីរុសកូរ៉ូណា ឲ្យជាសះស្បើយ១០០ភាគរយ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បញ្ជាក់ថា មកដល់ព្រឹកថ្ងៃនេះ បុរសជនជាតិចិនដែលមានជំងឺផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា លែងមានអាការ ក្អក និង ផ្តាសាយ ពោលគឺអ្នកជំងឺអាចដើរ និងនិយាយស្តីជាធម្មតា ។ តែយ៉ាណា ក្រុមគ្រូពេទ្យនៅតែតាមដានមើលសុខភាពបុរសជនជាតិចិននោះយ៉ាងយកចិត្តទុកដាក់ និងបន្តដាក់គាត់ឲ្យស្ថិតនៅក្នុងបន្ទប់ដោយឡែកពីគេដដែល។ លុះអ្នកជំងឺបានជាសះស្បើយ អាជ្ញាធរកម្ពុជា អាចនឹងបញ្ជូនបុរសជនជាតិចិននោះ និងក្រុមគ្រួសាររបស់គាត់ ទៅប្រទេសចិនវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា បុរសចិនដែលផ្ទុកវីរុសកូរ៉ូណា មុនគេនៅកម្ពុជានេះ មានឈ្មោះ ចា ជិនហួ អាយុ៦០ឆ្នាំ។ គាត់បានធ្វើដំណើរជាមួយសមាជិកគ្រួសារ៣នាក់ទៀត ពីទីក្រុងវូហាន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ លុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្ពុជា បានរកឃើញថាបុរសជនជាតិចិនរូបនេះ មានផ្ទុកវីរុសកូរ៉ូណា ។ ចំណែក គ្រួសាររបស់គាត់ទាំង៣នាក់ មិនមានមេរោគកូរ៉ូណា នោះទេ៕