ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនបុរសអ្នកដាក់អន្ទាក់និងបង្កៃ បង្កឲ្យមានការស្លាប់ដល់សត្វព្រៃដែលជាប្រភេទមានដោយកម្រ និងជិតផុតពូជ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។

ជនត្រូវចោទឈ្មោះ ហក វ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកោះម្យើល ឃុំណងឃីលឹក ស្រុកកោះញ៉ែក ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចាប់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជននេះលួចធ្វើសកម្មភាពដាក់អន្ទាក់សត្វព្រៃ ដែលប្រើឧបករណ៍កែច្នៃដោយប្រើអង្គប់ បំពុល សម្លាប់ និងប្រើប្រាស់អាវុធជាតិផ្ទុះ ជាតិគីមី ថ្នាំពុល និងគ្រឿងឆក់ បង្កគ្រោះថ្នាក់ដល់សត្វព្រៃ និងអាចបង្កគ្រោះថ្នាក់ដល់មន្រ្តីឧទ្យានុរក្សក្នុងពេលចុះល្បាត៕