រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សារវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក ស៊ែរ៉ែនបាត ណាមរ៉ាយ រដ្ឋមន្រ្តីបរិស្ថាន និងទេសចរណ៍ម៉ុងហ្គោលី បានបង្ហាញឲ្យដឹងថា ម្ពុជា-ម៉ុងហ្គោលី បានឯកភាពគ្នាពិភាក្សាលើលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអ៊ូឡាបាទ័រ (Ulaanbaatar) ។ នេះបើតាមហ្វេសប៊ុកក្រសយងទេសចរណ៍។

នៅក្នុងជំនួប នេះផងដែរភាគីទាំងពីរ បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយគ្នាកាន់តែខ្លាំងឡើង ដើម្បីជំរុញលំហូរទេសចររវាងប្រទេសទាំងពីរទៅវិញទៅមក។នាឱកាសនោះ លោក រដ្ឋមន្ត្រី ថោង ខុន បានរំលឹកអំពីចំណងការទូតរវាងប្រទេសទាំងពីរជាពិសេសការគាំទ្រ របស់ម៉ុងហ្គោលីដល់កម្ពុជា ក្នុងដំណាក់កាលកសាងជាតិដ៏លំបាក បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពួជសាសន៍ ប៉ុល ពត។

លោក រដ្ឋមន្ត្រីម៉ុងហ្គោលី ក៏បានកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា ជាពិសេសការរីកចម្រើនឥតឈប់នៃ វិស័យទេសចរណ៍ និងបានគាំទ្រឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍។ភាគីទាំងពីរបានឯកភាពលើការរៀបចំឲ្យមានអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍នៃប្រទេសទាំងពីរ ដោយផ្ដោតលើ៖

១, ជំរុញការចែករំលែកបទពិសោធន៍ និងអភិវឌ្ឍរួមគ្នាលើទេសចរណ៍បេតិកភណ្ឌវប្បធម៌ ទេសចរណ៍ទីក្រុង និងជនបទ ទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ ទេសចរណ៍សហគមន៍ ទេសចរណ៍សាសនា។ល។

២, ផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់ និងទស្សនកិច្ចផ្លូវការដល់ផ្នែកឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងមន្រ្តីទេសចរណ៍ជាតិ ដើម្បីជំរុញការយល់ដឹងពីវប្បធម៌ និងគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ។

៣, ពិភាក្សាលើលទ្ធភាពឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ។

៤, ជំរុញការគាំទ្រគ្នាលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដោយជំរុញផ្នែកឯកជន និងសាធារណៈចូលរួមព្រឹត្តិការណ៍ទេសចរណ៍ ដែលរៀបចំដោយប្រទេសនីមួយៗ។

សូមរំលឹកថា កម្ពុជា និងម៉ុងហ្គោលីបានបង្កើតទំនាក់ទំនងការទូតដំបូងនៅឆ្នាំ១៩៦០ ហើយបន្ទាប់ពីកម្ពុជាបាន ឆ្លងកាត់សម័យកាលដ៏ខ្មៅងងឹត ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៧៩ ដោយបានជួយគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ៕