បរទេស៖ រដ្ឋាភិបាលឡាវ បានធ្វើសេចក្ដីព្រាងច្បាប់ដើម្បីសំរេចក្នុងការលុបបំបាត់ការបំពុលដោយសំឡេងរំខាន បន្ទាប់ពីអាជ្ញាធរបានទទួលបណ្ដឹងបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងរដ្ឋធានីនៃប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន laotiantimes

នៅក្នុងសេចក្ដីព្រាងច្បាប់នេះ រដ្ឋាភិបាលបានសម្រចបើកការពិភាក្សាស្ដីពីការបែងចែកនូវឧបករណ៏សំខាន់ៗដែលជាប្រភពនៃការបំពុល​ដោយ​សំឡេង ជាហេតុនេះឲ្យមានបញ្ហាបង្កជាសំឡេងរំខានដល់ប្រជាពលរដ្ឋរស់នៅជាពិសេសគឺនៅពេលយប់តែម្ដង។

កិច្ចប្រជុំថ្ងៃដែលបានបញ្ចប់នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ លោកស្រី Vilayvone Chanthalaty ប្រធានមន្ទីរព័ត៌មានវប្បធម៌និងទេសចរណ៍ក្រុងវៀងចន្ទន៍ បានបញ្ជាក់ថា «សេចក្តីព្រាងច្បាប់នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជួយទីក្រុងវៀងចន្ទន៍ ក្លាយជាទីក្រុងដែលសមប្រកបគួរឲ្យចង់រស់នៅ​»​។

យោងតាមកិច្ចពិភាក្សាដែលទើបតែបញ្ចាប់ទៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះបានឲ្យដឹងថា ប្រភពនៃការបំពុលសំឡេងមានកត្តាផ្សេងៗចូលរួមជាច្រើនដែលអាច​បង្កឡើង​ដោយ​តន្ត្រី ធុងបាស់ ដែល​ចេញពី​កន្លែង​កម្សាន្ត ភោជនីយដ្ឋាន រោងចក្រ​សហគ្រាស យានយន្ត​កែច្នៃ ក៏ដូចជា​សំឡេង​នា​ពិធី​អាពាហ៍ពិពាហ៍ ឬ​ពិ​ធិ​ជប់លៀង​ផ្សេងៗ​ នេះគឺជាដើមហេតុដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ជាពិសេសគឺវាប៉ះពាល់ដល់ផ្លូវអារម្មណ៏តែម្ដង។​

សេចក្តីព្រាងច្បាប់សម្រេចស្តីពីការលុបបំបាត់ការបំពុលសំលេងរំខានរួមមាន៦ផ្នែក និង៣២មាត្រា ហើយត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសឱ្យប្រើប្រាស់នាពេលឆាប់ៗនេះដោយអភិបាលក្រុងវៀងចន្ទន៍។ នៅពេលច្បាប់នេះបានចូលជាធរមាន​ ប្រជាពលរដ្ឋទាំងអស់ដែលរងនូវការប៉ះពាល់ក្នុងករណីបំពុលដោយសំឡេងរំខានណាមួយ អាចមកដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរដើម្បីជួយក្នុងការដោះស្រាយ ស្នើសុំឱ្យមានចំណាត់ការពីអាជ្ញាធរស្របតាមច្បាប់។

ស្របពេលដែលរដ្ឋាភិបាលឡាវ គ្រោងនឹងចេញច្បាប់ស្ដីពីការបំពុលដោយសំឡេង ជាមួយគ្នានេះដែលនៅក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃមានប្រជាពលរដ្ឋយើងជាច្រើនបានបង្ហោះសារនៅបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបង្ហាញក្ដីកង្វល់ទាក់ទង នឹងបញ្ហាបំពុលដោយសំឡេងនេះ ដែលវាបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅជាខ្លាំង។

ចុងក្រោយនេះ សង្ឃឹមថារដ្ឋាភិបាលកម្ពុជា អាចនឹងមានចំណាត់ការទៅលើមនុស្សមួយចំនួនដែលតែងតែបង្កឲ្យមានសំឡេងរំខានដល់អ្នកដទៃ ដើម្បីឲ្យមានសុខក្សេមក្សាន្ដដល់ការរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ៕
ប្រភព៖ laotiantimes