ប្រទេសចិន៖ យោងតាមសារព័ត៌មានចិនស៊ិនហួរ បានរាយការណ៍ឲ្យដឹងនាយប់ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០នេះថា អាជ្ញាធរចិនបានចេញបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ នូវការធ្វើចរាចរណ៍ទិញ និងលក់សត្វព្រៃនៅទូទាំងប្រទេស ដើម្បីធ្វើការទប់ស្កាត់នូវការរីករាលដាល នៃជំងឺថ្មីផ្លូវដង្ហើម ដែលត្រូវបានគេហៅថា កូរ៉ូណា (Corona virus) ដែលបានសម្លាប់មនុស្សអស់៥៦នាក់ និងជាង២ពាន់នាក់ទៀតកំពុងតែឆ្លងនៅក្នុងទឹកដីប្រទេសចិន និងទូទាំងពិភពលោកផងដែរ ។

សារព័ត៌មានខាងលើក៏បានឲ្យដឹងផងដែរថា ក្រសួងនិងស្ថាប័នដែលពាក់ព័ន្ធនៅក្នុងប្រទេសចិនទាំងអស់ ត្រូវចុះអនុវត្តជាបន្ទាន់ ហើយបម្រាមនេះនឹងមិនត្រូវដកវិញនោះឡើយ លុះត្រាណាតែការរីកសាយភាយនៃវីរុសខាងលើនេះ ត្រូវបានទប់ស្កាត់បានជោគជ័យទាំងស្រុង ហើយបម្រាមនេះធ្វើឡើងក្រោយពីក្រុមអ្នកស្រាវជ្រាវ បានបង្ហាញការសង្ស័យថា វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានេះ មានជាប់ពាក់ព័ន្ធទៅនិងការលក់សត្វព្រៃដោយខុសច្បាប់នៅក្នុងទឹកដីចិន ។

ចំពោះការចេញបញ្ជានូវបម្រាមខាងលើនេះ គ្រប់ទីផ្សារលក់ទំនិញធម្មតា ផ្សារទំនើប ហាងផឹកស៊ី ហាងលក់ទំនិញតូចៗ ឬភោជនីយដ្ឋានណាដែលមិនគោរពទៅតាមបទបញ្ជានោះ អាជ្ញាធរនឹងចុះបិទទីតាំងចោលដោយមិនលើកលែងជាដាច់ខាត ។

ការឲ្យដឹងចុងក្រោយនៃតួលេខផ្លូវការសម្រាប់ការឆ្លងនៃវីរុសខាងលើ គិតត្រឹមថ្ងៃអាទិត្យនេះ មានមនុស្ស១,៩៨០នាក់បានឆ្លងវីរុសផ្លូវដង្ហើមនេះទូទាំងពិភពលោក ហើយចំនួន៣២៤នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ ហើយចំនួន៥៦នាក់ត្រូវបានស្លាប់ ក្នុងនោះមាន៥៥នាក់ជាអ្នករស់នៅក្នុងទីក្រុងវូហាន និងម្នាក់ទៀតនៅក្នុងក្រុងសៀងហៃ ដោយឡែកសម្រាប់ប្រទេសផ្សេងៗទៀត ក៏មានករណីឆ្លងវីរុសផ្លូវដង្ហើមនេះផងដែរ ដែលមានដូចជា ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម នេប៉ាល់ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិក ដែលមានចំនួន៦០ករណី ហើលក្នុងនោះប្រទេសថៃ មានអ្នកឆ្លងច្រើនជាងគេរហូតដល់៧ករណី បន្ទាប់មកគឺសឹង្ហបុរី មាន៤ករណី ៕

ប្រភព៖ សារព័ត៌មានស៊ិនហួរ

www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com