ខេត្ត​ព្រះ​សីហ​នុ ៖

​មានការ​ភ្ញាក់ផ្អើល​មួយ កើតឡើង​ដោយសារ​តែ​ក្មេង​ស្រី​ម្នាក់ ស្រែក​ជួយ​ខ្ញុំ​ផង​ៗ… បាន​រត់​ចេញពី​សណ្ឋាគារ​សណ្ឋាគារ និង​កាស៊ីណូ (​ហាវ​ឆឹង ហៅ​រលក​ធំ​) របស់​ជនជាតិ​ចិន ស្រែក​ផង​! យំ​ផង​! ប៉ុន្តែ​ចុះ​ដល់​ខាង​មុខ​អាគារ ត្រូវ​បាន​សន្តិសុខ​ធ្វើការ​ចាប់​ជាប់ ។​

​ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ និង​កាស៊ីណូ​ហាវ​ឆឹង មា​នទី​តាំងនៅ​ខាង​មុខ​កាហ្វេ​ស្តារ ផាក​តាម​បណ្ដោយ​វិ​ថី​៧​មក​រា ស្ថិត​ក្នុងភូមិ​លេខ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ។​

​ក្រោយ​កើតហេតុ ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ផង​ដែរ ។ ដំបូង​ឡើយ​ក្រុម​អ្នក​សារព័ត៌មាន មិន​ត្រូវ​បាន​មេការ​សណ្ឋាគារ និង​កាស៊ីណូ ដែល​ជា​ជនជាតិ​ចិន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន ឬ​ថតរូប​នោះ​ឡើយ តែ​ក្រោយមក ដោយ​មានការ​សម្របសម្រួល​ពី​សមត្ថកិច្ច ទើប​អ្នក​សារព័ត៌មាន​អាច​ចូល​ថត និង​យក​ព័ត៌មាន​បាន ។​

​ក្រោយ​ពេល ឆែកឆេរ​បន្ទប់​លេខ​៨៦០៥​ជាន់​ទី​៦ ដែល​ជា​បន្ទប់​របស់ ស្ត្រី​វ័យក្មេង​ខាងលើ​ស្នាក់​នៅ ឃើញ​មាន​សុទ្ធ​ថ្នាំ​ញៀន​នៅ​រាយ​ប៉ាយ​ពេញ​លើ​គ្រែ​ពូក និង​ឈាន​ដល់​ការ​ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ ផ្សេង​ទៀត ក្នុង​នោះ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់​ផង​ដែរ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​បទល្មើស​ជាក់ស្ដែង រួម​មាន ៖ ម្សៅ​ស​ថ្លា ចំនួន​២​កញ្ចប់​, ថ្នាំ​ខេ​ចំនួន​២​កញ្ចប់​, ថ្នាំ​ពណ៌​បៃតង ចំនួន​៦, កញ្ឆា​មូល​ជា​បារី​ចំនួន​៤​ដើម​, ដែកកេះ​ចំនួន​៥ និង​ទូរស័ព្ទ​ចំនួន​០១​គ្រឿង ។​

​បើ​តាម​ចម្លើយ​របស់​ក្មេង​ស្រី ជា​ជនជាតិ​ខ្មែរ ប្រាប់​ថា ពួក​នាង​មិនមែន​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​នេះ​ទេ គ្រាន់តែ​ធ្លាប់តែ​ប្រើ​ប៉ុណ្ណោះ ហើយ​គ្រឿងញៀន​នេះ ជា​របស់​ជនជាតិ​ចិន​ឈ្មោះ ណា​ន ខៃ ដោយ​ពួក​នាង​មិន​ថា គ្រឿងញៀន​ច្រើន​របស់​ជនជាតិ​ចិន​នោះ យក​មក​ពី​ទីណា​ទេ ដោយ​ពួក​នាង​ត្រូវ​បាន​ជនជាតិ​ចិន​នោះ នាំ​មក​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​នេះ ប៉ុណ្ណោះ ។​

​ចំណែក​ក្មេង​ស្រី​ម្នាក់​ទៀត ដែល​សង្ស័យ​ថា ប្រើ​គ្រឿងញៀន​លើស​កម្រិត​រហូត​ដល់​មាន​កាយវិការ​ប្លែក​ៗ​ចុះ​រត់​ផ្អើល​គេឯង​នោះ ពួក​នាង​ថា បាន​យក​គ្រឿងញៀន​លាយ​ជាមួយ ភេសជ្ជៈ គោ​ជល់ ហើយ​ផឹក ទើប​មាន​អាកា​រៈ ដូច្នេះ​តែ​ម្ដង ។​

​បច្ចុប្បន្ន ជនជាប់សង្ស័យ​ទាំង​៤​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​សាក សួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចាត់ការ​តាម​ផ្លូវច្បាប់ ៕