ភ្នំពេញ៖ ជនអនាថាម្នាក់ដែលបានយកលូធ្វើជាទីស្នាក់អាស្រ័យរយៈពេលប្រហែល២ខែមកហើយនោះ សង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់នៅក្នុងលូ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលស្លាប់នោះឈ្មោះហ៊ុប អាយុប្រហែលជា៣០ឆ្នាំ គឺជាជនអនាថា គ្មានសាច់ញាតិគ្មានទីពឹងអ្វីឡើយ ។

បើតាមអ្នកភូមិ បាននិយាយថា គេមិនដឹងថាបុរសមកពីណា ទៅណានោះទេ មើលទៅហាក់មានជំងឺប្រចាំកាយទៀត បានមកស្នាក់នៅក្នុងលូធំនៅក្នុងដីឡូត៍ទំនេរ១កន្លែងរយៈពេលប្រហែល២ខែកន្លងមកហើយ ។ ពួកគាត់ដែលជាអ្នកភូមិនៅក្បែរៗនោះ បានជួយឲ្យបាយទឹកហូប លុះរហូតមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញគាត់ដេកស្លាប់បែបនេះតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសព រួចយកសាកសពទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តឫស្សីសាញ់ ដើម្បីបូជានៅទីនោះតែម្ដង ៕