ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ២១៩ ផ្លូវលេខ៩៣ កែងផ្លូវលេខ២១៧ ភូមិ៥ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា ។

ជនសង្ស័យទាំង២នាក់ ទី១៖ ឈ្មោះ ពូន សុទ្ធី ហៅហ្វី អាយុ១៧ឆ្នាំ មុខរបរបើករថយន្តដឹកសិស្ស ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវលេខ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា និងទី២៖ឈ្មោះ ហែម ចំរើន ហៅសក្តិ អាយុ១៧ឆ្នាំ មុខរបរដឹកឥវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ជននេះធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០១៧ ពាក់ព័ន្ធបទល្មើសលួច។

ជនរងគ្រោះឈ្មោះ ZHANG YANLING ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិចិន។
ជាមួយនិងការចាប់ខ្លួននេះ កម្លាំងសមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ឆ្នាំផលិត២០២០ ពាក់ស្លាកលេខភ្នំពេញ1IB-5580, កាបូបស្ពាយមួយ, លុយ៨០ដុល្លារ, ទូរសព្ទ័ដៃម៉ាកហូវៃ, លិខិតឆ្លងដែនលេខ និងសម្ភារៈមួយចំនួនទៀត។ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្ពិចាត់ការតាមនីតិវិធី៕