រាជធានីភ្នំពេញ៖ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញហាមដាច់ខាត នូវសកម្មភាព៣ចំណុចសំខាន់ៗ ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថាបំរាមចំនួន៣ចំណុច ដែលមិនឲ្យប្រជាពលរដ្ឋប្រព្រឹត្តនោះឡើយ ក្នុងន័យរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ រួមមាន៖

១, មិនឲ្យមានការដុតផាវ កាំជ្រូច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
២, មិនឲ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៉ីសង
៣, រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។

អភិបាលរាជធានីភ្នំពេញ ក៏បានដាក់បទបញ្ជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យម៉ឹងម៉ាត់បំផុត កុំឲ្យមានការនាំចូលផាវ កាំជ្រូច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ៕