រាជធានីភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិនសន្យានឹងបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យមីន ដោយបន្តជួយផ្នែកសម្ភារៈ និងការហ្វឹកហ្វឺនធនធានមនុស្សដល់កម្ពុជាក្នុងការចូលរួមបោសសម្អាតមីនដើម្បីមនុស្សធម៌។ នេះបើតាមហ្វេសប៊ុក របស់អាជ្ញាធរមីនកម្ពុជា។

ការលើកឡើងរបស់លោក ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិន បែបនេះបានធ្វើឡើងក្នុងជំនួបជាមួយ លោកលី ធុជ អនុប្រធានទី១អាជ្ញាធរមីនដែលបានដឹកនាំ គណ:ប្រតិភូអាជ្ញាធរមីន ចូលជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

លោកឯកអគ្គរដ្ឋទូតចិនបានមានប្រសាសន៍បន្ថែមថា “ការបោសសម្អាតមីនពិតជាមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយជនរងគ្រោះថ្នាក់ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ច របស់ប្រជាជនកម្ពុជា។ ប្រទេសចិនសន្យានឹងបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យមីន ដោយបន្តជួយផ្នែកសម្ភារៈ និងការហ្វឹកហ្វឺនធនធានមនុស្សដល់ កម្ពុជាក្នុងការចូលរួមបោសសម្អាតមីនដើម្បីមនុស្សធម៌”។

ក្នុងឳកាសនោះដែរ លោករដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានអាជ្ញាធរមីនបានសំដែងនូវការអរគុណ និងដឹងគុណជូនចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន និងប្រជាជនចិនដែលបាននឹងកំពុងគាំទ្រដល់វិស័យបោសសម្អាតមីននៅកម្ពុជាដើម្បីជួយសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ឈានទៅសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥​ ៕