រាជធានីភ្នំពេញ៖ នៅក្នុងឱកាសថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃសែនចូលឆ្នាំចិន។

យោងតាមហ្វេសប៊ុករបស់ សម្ដេចនាថ្ងៃទី២៤ មករា នេះបានឲ្យដឹងថា “ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០! ខ្ញុំ និងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិន នៅថ្ងៃទី ២៤ មករានេះ។ ទន្ទឹមនឹងនេះដែរ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស”។

សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមថា ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០ នេះតទៅ។ អរគុណសន្តិភាព៕