រាជធានី​ភ្នំពេញ ៖ ជ្រូក​ខ្វៃ នៅ​តែ​ជា​តម្រូវការ​ខ្ពស់ ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ជាប់សែស្រឡាយ​ចិន មិន​រុញ​រា​ទិញ​ជ្រូក​ខ្វៃ​សម្រាប់​យក​ទៅ​សែនព្រេន​ជូន​ជីដូន​ជីតា​កុងម៉ា ដែល​ចែក​ឋាន​ទៅ​បរលោក​ខាង​មុខ​នោះ​ដែរ ទោះបី​អ្នកលក់​តម្លើង​ថ្លៃ​កប់​ពពក​ក៏​ដោយ ។​

​បើ​តាម​ម្ចាស់​ហាង​លក់​ជ្រូក​ខ្វៃ ឈ្មោះ​ថា​«​តា​ម៉ា​ប់​៧​មក​រា​» នៅ​ខណ្ឌទួលគោក បាន​ប្រាប់​ឲ្យ​ដឹង​ថា ជ្រូក​ខ្វៃ​ឆ្នាំ​នេះ មាន​តម្លៃ​ឡើងថ្លៃ​កប់​ពពក ដោយសារ​តែ​ជ្រូក​មិនសូវ​សំបូរ ។​

​ម្ចាស់​ហាង​ជ្រូក​ខ្វៃ​៧​មក​រា មាន​ប្រសាសន៍​បន្ត​ថា ឆ្នាំ​មុន ក្នុង​រដូវ​ចូល​ឆ្នាំ​ចិន កន្លែង​របស់​លោក លក់​ជ្រូក​អស់​ប្រមាណ​៤០០ ទៅ​៥០០​ក្បាល​ឯណោះ ។ ដោយឡែក​ឆ្នាំ​នេះ មាន​ជ្រូក​ខ្វៃ​តែ​ជាង​២០០​ក្បាល​ប៉ុណ្ណោះ ហើយ​លោក សម្រេច​បិទ​ការ​កុ​ម៉​ង់​ទិញ ដោយហេតុ​ថា មិន​មាន​ជ្រូក​សម្រាប់​លក់​ជូន​អតិថិជន​នោះ​ទេ ។​ការ​ដែល​មិន​មាន​ជ្រូក​លក់​ក៏​ព្រោះតែ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ មានការ​ផ្ទុះ​ឡើង​ជម្ងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក ទើប​ធ្វើ​ឲ្យ​ជ្រូក​ក្នុងស្រុក​បាន​ស្លាប់​ជា​ច្រើន​ក្បាល ដែល​បណ្ដាល​ខ្វះ​ជ្រូក​ជា​ខ្លាំង ទើប​តម្លៃ​លក់​ជ្រូក​ខ្វៃ​ក្នុង​អំឡុង​ចូល​ឆ្នាំ​ចិន​នេះ ឡើង​កប់​ពពក​ដូច្នេះ ​។

សូមរម្លឹកថា ​ក្នុង​ថ្ងៃ​សែន​ប្រពៃណី​ចិនកាលពីឆ្នាំមុន​ ជ្រូក​ខ្វៃ​១​ក្បាល​ មានតម្លៃរង្វង់​២០០​​ទៅ​៣៥០ដុល្លារ​អា​មេ​រិ​ក ​ខណៈថ្ងៃ​ធម្មតា​ត្រឹមតែ​៣៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ៕