រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មាន​ព័ត៌មាន​បំពុលសង្គម​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បន្ត​ផ្សាយ​ដោយ​គេហទំព័រ​មួយ​ចំនួន​បង្ក​ការ​ភ្ញាក់ផ្អើល​ថា ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បាន​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ខេត្ត​ព្រះ​សីហ​នុ​នោះ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ច្រានចោល​នូវ​ព័ត៌មាន​បំពុលសង្គម​មួយ​នេះ និង​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ គ្មាន​ឡើយ​វត្ដមាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ឆ្លង​ពី​ប្រទេស​ចិន​មក​កម្ពុជា​ទេ ។​

​ដោយ​រដ្ឋបាល​ខេត្ត​បាន​សរសេរ​រៀបរាប់​ថា “​គិត​ត្រឹម​ម៉ោង​នេះ ​នៅ​ក្នុង​ទឹកដី​ នៃ​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល មិន​មាន​ករណី​ជម្ងឺ​រលាក​សួត​ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​) នេះ​ឡើយ​ ។ រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មាន​មូលដ្ឋាន ​នៃ​ការ​ពិត គឺជា​ការ​បំពុលសង្គម និង​ធ្វើ​ឱ្យ​មានការ​ជ្រួលច្របល់​ ។ សូម​រង់ចាំ​តាមដាន​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​ធ្វើការ​បញ្ជាក់​បន្ថែម​លើ​ករណី​នេះ​”​ ។

សូម​បញ្ជាក់​ថា រាល់​ព័ត៌មាន​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ​៕