តេហេរ៉ង់៖ ក្រោយលោក កាស្សេម សូឡៃមេនី (Qassem Soleimani) មេបញ្ជាការកំពូលកងទ័ពអ៊ីរ៉ង់ ត្រូវបានយន្ដហោះដ្រូនអាមេរិក បាញ់សម្លាប់ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ មិនទាន់បាន១ខែផង លោក អាប់ឌុលហូស្សេន មូហ្សាដដាមី (Abdolhossein Mojaddami) មេបញ្ជាការកងកម្លាំងសន្តិសុខប្រចាំភូមិភាគនិរតី របស់អ៊ីរ៉ង់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខផ្ទះរបស់លោកតែម្ដង កាលពីថ្ងៃពុធ ទី២២ ខែមករា ម្នាក់ទៀតហើយ ។

នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ នេះ ។
ទូរទស្សន៍ Al Jazeera បានផ្សាយថា បើតាមទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ IRNA លោក Mojaddami ត្រូវបានខ្មាន់កាំភ្លើងពីរនាក់ជិះម៉ូតូមួយគ្រឿង បាញ់សម្លាប់នៅខាងមុខផ្ទះរបស់លោកតែម្ដង ក្នុងទីក្រុងដាកហូអេន (Darkhoein) នៃខេត្តឃូហ្សេស្តង់ (Khuzestan)។ ចំណែកខ្មាន់កាំភ្លើងដែលត្រូវបានគេអះអាងថា ពាក់ម៉ាស្សបិទមុខជិត បានគេចខ្លួនដោយសុវត្ថិភាព ក្រោយពួកគេបានបាញ់ប្រហារទៅលើលោក Mojaddami ចំនួន០៤គ្រាប់។

លោក Mojaddami ជាសហការីម្នាក់របស់អតីតមេបញ្ជាការកំពូលកងទ័ពអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានយន្ដហោះដ្រូនអាមេរិក បាញ់សម្លាប់ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីដើមខែមករា កន្លងមកនេះ ៕