បរទេស ៖ មេបញ្ជាការកងកម្លាំងសន្តិសុខអ៉ីរ៉ង់ ប្រចាំភូមិភាគនិរតី គឺលោកអាប់ឌុលហូស្សេន មូហ្សាដដាមី (Abdolhossein Mojaddami) ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខាងមុខផ្ទះរបស់លោកផ្ទាល់តែម្តង កាលពីថ្ងៃទី២២ ខែមករា ម្សិលមិញ។

សារព័ត៌មាន Al Jazeera របស់ប្រទេសអ៉ីរ៉ង់ បានចេញផ្សាយនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ថា លោកអាប់ឌុលហូស្សេន មូហ្សាដដាមី ត្រូវបានខ្មាន់កាំភ្លើងពីរនាក់ជិះម៉ូតូ១គ្រឿង មកបាញ់ចំនួន៤គ្រាប់ បណ្តាលឲ្យស្លាប់នៅខាងមុខផ្ទះរបស់លោកតែម្ដង ក្នុងទីក្រុងដាកហូអេន (Darkhoein) នៃខេត្តឃូហ្សេស្តង់ (Khuzestan)។ ចំណែក ខ្មាន់កាំភ្លើង បានបើកម៉ូតូរត់គេចខ្លួនដោយសុវត្ថិភាព ។


សូមបញ្ជាក់ថា លោក Abdolhossein Mojaddami គឺជាមេបញ្ជាការកងកម្លាំងសន្តិសុខ បាស៊ីច (Basij) ជាអង្គភាពមួយស្ថិតនៅក្រោមឱវាទ របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ទទួលបន្ទុកផ្នែកសន្តិសុខផ្ទៃក្នុង និងភារកិច្ចដទៃទៀតក្នុងទីក្រុង Darkhoein។ លោកក៏ជាសហការីម្នាក់របស់អតីតមេបញ្ជាការអ៉ីរ៉ង់ លោក កាស្សេម សូឡៃមេនី (Qassem Soleimani) ដែលត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។


ជុំវិញនឹងករណីឃាតកម្មលើលោកអាប់ឌុលហូស្សេន មូហ្សាដដាមី (Abdolhossein Mojaddami) នេះ គេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ។ សមត្ថកិច្ច ប្រទេសអ៉ីរ៉ង់ កំពុងតែបើកការស្រាវជ្រាវលើករណីឃាតកម្មនេះ យ៉ាងក្តៅគគុក ដើម្បីរកមូលហេតុ និងខ្មាន់កាំភ្លើង ៕