ភ្នំពេញ៖ ថ្មីៗនេះពលរដ្ឋជាច្រើនដែលរស់នៅ​ជាប់​ផ្លូវជាតិ​លេខ៣ ក្នុង​ខេត្ត​កំពត និង​ខេត្ត​តាកែវ បារម្ភ​ថា កុមារ​មួយ​ចំនួន​កើត​ជំងឺ រលាក​សួត និង​ផ្លូវ​ដង្ហើម ដោយសារតែ​ធូលី​ដី​ហុយ​ខ្លាំង​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ​។ ម្យ៉ាងវិញទៀត ពួកគាត់​ថា បញ្ហា​ធូលី​ហុយ​នេះ​បាន​បង្ក​ជា​គុណវិបត្តិ​ធ្ងន់ធ្ងរ ដូចជា​ហានិភ័យ គ្រោះថ្នាក់​ចរាចរណ៍ ប្រឡាក់​សំលៀកបំពាក់ និង​ប៉ះពាល់​ដល់​សុខភាព​ជាដើម។

ពលរដ្ឋ​មួយ​ចំនួនបានធ្វើការ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ពន្លឿន​ការ​កសាង​ផ្លូវជាតិ​លេខ ៣ និង​ស្រោច​ទឹក​ផ្លូវ​នេះ​ជាប្រចាំ ដើម្បី​កាត់បន្ថយ​ធូលី​ដី​ហុយ​ខ្លាំង ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ អ្នកដំណើរ និង​ជាពិសេស​កុមារ។

បើតាមស្ដីរបស់ពលរដ្ឋម្នាក់​រស់នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ លោក ស៊ឺន ពិសិទ្ធិ បានប្រាប់ឲ្យដឹងថា ផ្លូវជាតិ​លេខ​៣ ចាប់​ចំណុច​កំពង់ទួល នៃ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ដល់​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ មាន​ប្រវែង​ប្រមាណ ៥០​គីឡូម៉ែត្រ មាន​ភាព​លំបាក​យាប់​យ៉ឺន​ខ្លាំង និង​ហុយ​ធូលី​ដី។ លោក​ថា ពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវជាតិ​នេះ តែង​ត្អូញត្អែរ​ពី​ផល​ប៉ះពាល់​សុខភាព និង​លំបាក​ធ្វើដំណើរ​ជាង ២​ឆ្នាំ​មក​ហើយ​៖ «ការ​ធ្វើ​ផ្លូវ​វិនិយោគ​របស់​ចិន ឃើញ​ថា វា​ធ្វើ​យឺតយ៉ាវ អត់​មាន​បច្ចេកទេស​ត្រឹមត្រូវ​។ អ្នក​នៅ​ជុំវិញ​ហ្នឹង​ប៉ះពាល់​សុខភាព​ទី​១ សួត និង​ខ្យល់​ដង្ហើម​របស់​គាត់ ហើយ​វា​ប៉ះពាល់​សុខភាព ពលរដ្ឋ​រស់នៅ​ភូមិ​ហ្នឹង ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ហ្នឹង​ប៉ះពាល់​សុខភាព​គាត់​មែនទែន​។ វា​ហុយ​ចូល​ចំណីអាហារ​គាត់ គាត់​ធ្វើដំណើរ និង​ជំងឺ​ផ្លូវ​ដង្ហើម»។

ចំណែក ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ជាប់​ផ្លូវជាតិ​លេខ ៣ ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត បានឱ្យ​ដឹង​ថា កូនៗ​របស់​លោក​ស្រី ២​នាក់ មាន​អាយុ ៧​ឆ្នាំ និង ៩​ឆ្នាំ មាន​ជំងឺ​រលាក​សួត និង​ផ្លូវ​ដង្ហើម ដោយសារ​ស្រូប​យក​ធូលី​ដី នៅ​ពេល​ដែល​ពួកគេ​ធ្វើដំណើរ​ទៅ​សាលារៀន​ដោយ​ជិះ​កង់​។ លោកស្រី​ថា មិន​ត្រឹមតែ​គ្រួសារ​លោកស្រី​ទេ កើត​ជំងឺ​នេះ មាន​កុមារ​ជាច្រើន​នាក់​ទៀត ក៏​មាន​ជំងឺ​ដូចគ្នា​នេះ​ដែរ​៖ «កូន​ខ្ញុំ​ពីរ​នាក់ ហើយ​ក្មេងៗ​ពីរ បី​នាក់​ទៀត នៅ​ក្បែរ​គ្នា​ហ្នឹង ដូចគ្នា​ឈឺ​ដូចគ្នា​ហ្នឹង ក្អក​ហត់ មាន​បញ្ហា​សួត​រហូត​ផ្លូវ​ដង្ហើម​។ គាត់​ក្អក​ហើយ​រលាក​សួត ហើយ​ភ្នែក​ឡើង​ក្រហម​អស់ហើយ​ពូ​អើយ ដី​ហុយ​។ ពិបាកធ្វើ​ដំណើរ​ហុយ​ខ្លាំង​ពេក​មើល​មនុស្ស​អត់​ឃើញ​ហ្មង»។

ក្រុម​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៣ ត្អូញ​ថា ធូលី​ដី​ហុយ​ខ្លាំង នៅ​តាម​ផ្លូវជាតិ​លេខ​៣ រាប់​សិប​គីឡូម៉ែត្រ ដែល​ងាយ​នឹង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​កង់ ជាពិសេស​សិស្សានុសិស្ស​ដែល​ធ្វើដំណើរ​ទៅ​សាលារៀន ៕