ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សម្រេចរឹបអូសលៀសចំនួន ៥១០ការ៉ុង បម្រុងដឹកទៅប្រទេសវៀតណាម នៅចំណុចមាត់កំពង់ទឹក ក្នុងភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នេះ សម្រេចរឹបអូសលក់ឡៃឡុងបង់ចូលថវិកាជាតិ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លៀសសរុបមានចំនួន ជាង៧០០ការ៉ុង ក៏ពិតមែន ប៉ុន្តែលៀសមួយចំនួនបានខូចគុណភាព គឺនៅសល់តែ៥១០ការ៉ុងដែលនៅមានគុណភាព ហើយដោយមានឯកភាពរបស់ថ្នាក់លើ ពេលនេះខណ្ឌរដ្ឋបាលជលផលបានសម្រេចរឹបអូសលៀស ដែលមានគុណភាព ចំនួន៥១០ ការ៉ុង លក់ឡាយឡុង ដើម្បីបង់ចូលថវិកាជាតិ ។

លោកលោក លី ឡា បានបញ្ជាក់ទៀតថា ការកាវលៀសដោយម៉ាស៊ីនគឺជាទង្វើខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលបានហាមឃាត់ ដោយឡែកការកាវលៀសដោយដៃ គឺច្បាប់អនុញ្ញាត ដូច្នេះអ្នកកាវលៀសខុសច្បាប់ គឺសមត្ថកិច្ចនិងបន្តចុះបង្ក្រាប មិនឲ្យកើតមានឡើយ ។ ចំណែកក្រុមឈ្មួញ ដែលនាំគ្នាមកទិញលៀស យកទៅលក់នៅប្រទេសវៀតណាមនោះ ក៏សមត្ថកិច្ចនិងអាជ្ញាធរ មិនអនុញ្ញាតឲ្យចូលទិញ និងដឹកលៀសនេះបន្តទៀតដែរ ៕