ខេត្តក្រចេះ ៖ រថយន្តធុនធំចំនួន៤គ្រឿង បើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នបានជ្រុលបុកបន្តកន្ទុយគ្នាយ៉ាងពេញទំហឹង និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរថយន្តទាំងអស់ រងការខូចខាតយ៉ាងធ្ងន់ និងមនុស្សចំនួន៨នាក់ បានរងរបួសធ្ងន់ស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង១១យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧ ភូមិអូព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ។
ករណីនេះត្រូវបាននគរបាលជំនាញចរាចរណ៍កំណត់ថា ដោយសារភូមិសាស្រ្តន៍ផ្លូវតំបន់នោះកោងខ្លាំង ហើយទំនងអ្នកបើកបររថយន្តបើកងោក ហើយរថយន្តធុនធំ១គ្រឿងត្រូវបានឆេះ ហើយមនុស្សប្រុស៨នាក់ របួសក្នុងនោះរបួសធ្ងន់៣នាក់។


ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានដឹកនាំរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល ទើបធ្វើការវាស់វែងស្ទួចយានយន្តពាក់ព័ន្ធទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែក ជនរងគ្រោះទាំងអស់ សមត្ថកិច្ចជួយចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលរបួសសង្រ្គោះជីវិត៕