ខេត្តសៀមរាប៖ រថយន្តក្រុងមួយគ្រឿង យ៉ាងហោចណាស់មានមនុស្សជិះ២៧នាក់ កំពុងបើកបរសុខៗ ស្រាប់តែរេចង្កូតធ្លាក់ចូលប្រឡាយ បះគូទគ្រហ៊ីតៗ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសទេ។ហេតុការណ៍បានកើតឡើងនៅវេលានៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៩១-២៩០ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ រកាកំបុត ស្រុកប្រាសាទបាគង្គ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងម៉ាក DAYWOO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣E-៩៤៣៨ ចំណុះ២៥កៅអី ដឹកភ្ញៀវបរទេសចំនួន ២៧នាក់ (ស្រី១៨នាក់) បើកបរក្នុងទិសដៅពីកើតមកលិច។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតធ្លាក់ចូលប្រឡាយ បះគូទគ្រហីតៗ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសទេ គឺគ្រាន់តែម្នាក់ៗភ័យលោះព្រលឹងប៉ុណ្ណោះ។

ក្រោយកើតហេតុ កម្លាំងនគរបាលផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុក បានចុះអន្តរាគមន៍ ហើយភ្ញៀវបរទេសចំនួន២៧នាក់ ជាមួយនិងអីវ៉ាន់ ត្រូវផ្ទេរទៅរថយន្តមួយគ្រឿងទៀត ដើម្បីបន្តដំណើរឆ្ពោះទៅគោលដៅ ។ ចំណែកឯអ្នកបើកបររថយន្តបង្កខាងលើ ត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ៕