ភ្នំពេញ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយសារយកដុំថ្មវាយបំបែកកញ្ចក់រថយន្តគេ យកធុងបាស់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ៦៩BT ស្ថិតភូមិក្បាលទំនប់១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
ជនសង្ស័យឈ្មោះ ហេង ប្រុស ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ យឹម ស៊ីដូនិច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីក្រសួងយុត្តិធម៌ ទីលំនៅផ្ទះលេខ២៤C ផ្លូវ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
សម្ភារ:បាត់បង់៖ បែកកញ្ចក់រថយន្តម៉ាក ហាយឡិនឌ័រ ពណ៌ស សេរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ ២U-១៧៦៩ ផ្នែកខាងឆ្វេងចំនួន០១ផ្ទាំង និង ធុងបាស់ចំនួន០១។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៩ និង ០០នាទីយប់ ជនរងគ្រោះបានយករថយន្តខ្លួន ម៉ាកហាយឡិនឌ័រ ពណ៌ស សេរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ ២U-១៧៦៩ មកចត មុខផ្ទះ រួចចូលក្នុងផ្ទះសម្រាកបាត់ទៅ។ លុះដល់វេលាម៉ោង ៦ព្រឹក ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ស្រាប់តែអ្នកជិតខាងមកប្រាប់ថា រថយន្តបែកកញ្ចក់ហើយ ។ ពេលនោះជនរងគ្រោះចេញទៅមើល ឃើញរថយន្តខ្លួនបែកកញ្ចក់ និងបាត់ធុងបាស់ក្នុងរថយន្តចំនួនមួយគ្រឿងទៀត។ បន្ទាប់មក ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ឲ្យជួយស្រាវជ្រាវរកជនសង្ស័យ មកចាត់ការតាមផ្លូវច្បាប់។ ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យធ្វើសកម្មភាពយកដុំថ្មវាយបំបែកកញ្ចក់រថយន្ត រួចលួចយកធុងបាស់ចំនួនមួយគ្រឿង ក្នុងរថយន្តរបស់ជនរងគ្រោះ។

លុះដល់វេលាម៉ោង៣ទៀបភ្លឺ ថៃ្ងទី២១ ខែមករា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលបឹងទំពុនទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ត្រង់ចំណុចខាងលើ យកទៅធ្វើការសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដុំថ្មវាយបំបែកកញ្ចក់រថយន្ត លួចយកធុងបាស់ចំនួនមួយគ្រឿងក្នុងរថយន្តរបស់ជនរងគ្រោះ ពិតប្រាកដមែន ៕