ភ្នំពេញ៖ នាពេលថ្មីៗនេះលោកសាយ សំអាល់ ជារដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានលើកឡើងថា ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅក្នុងអំឡុងពេល ដែលគណៈប្រតិភូក្រសួងបរិស្ថាន អាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធនានាជួបសំណេះសំណាល ជាមួយសហគមន៍ដែលទទួលបានថវិកាអភិវឌ្ឍន៍ភូមិដំណាក់កាលទី២ នៃគម្រោងរ៉េដបូកនៃដែនជម្រក សត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រភូមិពូជូ ឃុំសែនមនោរម្យ ស្រុកអូររាំង និងប្រជាសហគមន៍និងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

លោកសាយ សំអាល់ រដ្ឋមន្រ្ដីវ័យក្មេងរូបនេះបានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។

ជាមួយគ្នានេះដែរលោកបានសង្កត់ធ្ងន់ថា «យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិមានព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ី និងភពផែនដីតាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត» ៕

ប្រភព៖ Ministry of Environment
ដោយសហការី KBN