សហរដ្ឋអាមេរិក ៖ ជា​លើក​ដំបូង​ហើយ ដែល​អា​មេ​រិ​ក បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី​២១ មក​រា ២០២០ អំពី​ការ​រក​ឃើញ​ករណី​ដំបូង នៃ​ការ​ឆ្លង​វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ ដែល​កំពុង​វាយប្រហារ​ប្រទេស​ចិន និង​ផ្តាច់ជីវិត​មនុស្ស ០៦​នាក់​មក​ហើយ ។​

​បុរស​ម្នាក់ ដែល​ជា​ពលរដ្ឋ​អា​មេ​រិ​ក អាយុ​ខ្ទង់​៣០​ឆ្នាំ រស់នៅ​ក្បែរ​ទីក្រុង​សៀត​ថ​ល (Seattle) នៃ​រដ្ឋ​វ៉ា​ស៊ី​ន​តោន​ស្ទេ​ត (Washington State) ភាគ​ខាងលិច​សហរដ្ឋអាមេរិក បាន​ទៅ​រក​គ្រូពេទ្យ​ដោយ​ខ្លួនឯង បន្ទាប់​ពី​លោក​មាន​អ​កា​រៈ សង្ស័យ​ជំងឺ​ផ្លូវដង្ហើម​ថ្មី ដោយ​បុរស​រូប​នេះ​បាន​ចូល​អា​មេ​រិ​ក​កាលពី​ថ្ងៃ ១៥ មក​រា ក្រោយ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​វូ​ហាន នៅ​២​ថ្ងៃមុន ។ ក្រោយ​ការ​ពិនិត្យ មន្ទីរពេទ្យ​ក្នុង​តំបន់ បាន​អះអាង​ថា បុរស​រូប​នេះ​ពិតជា​មាន​ផ្ទុក​វីរុស​ខូ​រ៉ូ​ណា (Coronavirus) ដែល​ជា​វីរុស​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​មាន​ប្រភព​ដើម​ពី​ចិន​នោះ​ប្រាកដ​មែន ។​

​ជុំវិញ​ករណី​ឆ្លង​ដល់​សហរដ្ឋអាមេរិក​នេះ មន្ត្រី​សុខាភិបាល​ប្រចាំ​រដ្ឋ​វ៉ា​ស៊ី​ន​តោន លោក Chris Spitter បាន​លើក​ឡើង​ថា បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅ​ក្នុង​លក្ខណៈ​ជា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពោល​គឺ​បុរស​នេះ​កំពុង​ព្យាបាល​ដាច់​ដោយឡែក​ពី​គេ ហើយ​យើង​នឹង​ធ្វើការ​ត្រួតពិនិត្យ​ដោយ​យកចិត្តទុកដាក់​បំផុត ព្រោះ​អ​ការ​អ្នកជំងឺ​មិន​ទាន់​ធ្ងន់ធ្ងរ​នោះ​ទេ ។​

​លោក Chris Spitter បន្ត​ថា នេះ​គឺជា​ស្ថានការណ៍​ដែល​កំពុង​តែ​វិ​វត្ត​ឡើង ហើយ​ជា​ថ្មី​ម្តងទៀត​យើង​រំពឹង​ថា នឹង​អាច​មាន​អ្នកជំងឺ​បន្ថែម​នៅ​សហរដ្ឋអាមេរិក និង​នៅ​ទូ​ទាំង​ពិភពលោក ។ ទោះជា​បែប​នេះ​ក្តី ហានិភ័យ​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ ។ អាជ្ញាធរ​អា​មេ​រិ​ក បាន​ដាក់​ឧបករណ៍​វាស់​កំ​ដៅ​ខ្លួន អ្នក​ទេសចរណ៍​ចិន នៅ​តាម​អាកាសយានដ្ឋាន​ធំ​ៗ ផង​ដែរ ។​

​ដោយឡែក កាលពី​ថ្ងៃ​ទី​២១ មក​រា ២០២០ តៃវ៉ាន់ ក៏​បាន​រាយការណ៍​ថា រក​ឃើញ​ករណី​ដំបូង នៃ​អ្នក​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នេះ ។ អ្នកជំងឺ​ជា​ស្ត្រី តៃវ៉ាន់ វ័យ​ខ្ទង់​៥០​ឆ្នាំ ដែល​រស់នៅ​ក្រុង​វូ​ហាន ហើយ​បាន​វិល​មក​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ ជាមួយនឹង​រោគ​សញ្ញា​ក្តៅខ្លួន ក្អក និង​ឈឺបំពង់ក ធ្ងន់ធ្ងរ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២២ មក​រា ២០២០​នេះ មនុស្ស​ស្លាប់​ដោយសារ​វីរុស​ផ្លូវដង្ហើម ខូ​រ៉ូ​ណា មាន​ចំនួន​០៦​នាក់​ហើយ និង​ជាង​៣០០​នាក់​ទៀត បាន​ឆ្លង​វីរុស​នេះ ។ ហើយ​ទីក្រុង​ដែល​បាន​រក​ឃើញ​វត្តមាន នៃ​ជំងឺ​នេះ មាន​ទីក្រុង​វូ​ហាន​, ប៉េ​កាំ​ង​, សៀង​ហៃ និង​ខេត្ត​ក្វា​ង​ទុង ។ ចំណែកឯ ប្រទេស​មួយ​ចំនួន ដែល​បាន​រក​ឃើញ​វត្តមាន​អ្នកមាន​ផ្ទុក​វីរុស​នេះ​ដែរ គឺ​មាន​ដូច​ជា ថៃ កូរ៉េ​ខាងត្បូង ជប៉ុន តៃវ៉ាន់ និង​សហរដ្ឋអាមេរិក ៕

កម្ពុជា​បំពាក់​ម៉ាស៊ីន​ទំនើប ស្ទង់​រក​វីរុស​ផ្លូវដង្ហើម​ថ្មី តាម​ច្រក​ទ្វារ​អន្តរជាតិ​សំខាន់​ៗ