ខេត្តសៀមរាប៖ សាលាបឋមសិក្សាដប់កំភ្លឹង ស្ថិតតំបន់ដាច់ស្រយាលមួយ នៅក្នុងស្រុកវ៉ារិន ហើយសព្វថ្ងៃនេះ សាលាកម្សត់នេះ កំពុងតែជួបការលំបាកជាខ្លាំង ខ្វះទាំងសៀវភៅ សម្ភារសិក្សា សូម្បីតែគ្រូបង្រៀន ក៏ខ្វះដែរ រហូតដល់ថ្នាក់លោកគ្រូ-អ្នកគ្រូ ប្រកាសសុំជំនួយពីសប្បុរសជន។

លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាដប់កំភ្លឹង បានធ្វើការអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ បានស្នើសុំសៀវភៅ ខ្មៅដៃ បន្ទាត់ ប៊ិច កាតាប សៀវភៅរឿង ឯកសារដាក់ក្នុងបណ្ណាល័យ ហ្វឺតសរសេរ ក្រដាសរ៉ាម និងសម្ភារកីឡាមួយចំនួនទៀត ។ មិនត្រឹមតឺប៉ុណ្ណោះ សាលាក៏ខ្វះគ្រូផងដែរ ដោយបានស្នើសុំគ្រូបង្រៀនចំនួន៣នាក់បន្ថែមទៀតផងដែរ។

ក្រោយពីលោកគ្រូ-អ្នកគ្រូសាលាបឋមសិក្សាដប់កំភ្លឹង ប្រកាសរកជំនួយបែបនេះ លោក William Guang បានប្រកាសផ្តល់ជំនួយភ្លាមៗ ព្រមទាំងធ្វើការស្តីបន្ទោសប្រធានមន្ទីរអប់រំខេត្តសៀមរាប ផង។
លោក William Guang បានបង្ហោះនៅលើហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ មានខ្លឺមសារថា« ប្រធានមន្ទីអប់រំខេត្តនេះអត់មានភ្នែកទេ មិនដឹងជាធ្វើការស្អីបានជាអត់មើលសោះ នេះហើយជាភាពអសកម្មរបស់មន្ត្រី ។


ដោយឡែកពាក់ព័ន្ធនឹងកង្វះខាតរបស់សាលានេះ ខ្ញុំនឹងឧបត្ថម តុរៀន៥ កៅអី៥០ ក្ដាខៀន៥ , សៀវភៅពុម្ភ៥០ក្បាល សៀវភៅសរសេរ ១០០ក្បាល ប៊ិក២កេះ បាល់១០ »៕