រាជធានី​ភ្នំពេញ ៖ លោក លី សុ​វ៉ា​ន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានអោយ​ដឹង​ថា កម្ពុជា​បាន​ដាក់​គ្រូពេទ្យ​ជំនាញ និង​ម៉ាស៊ីន​ស្ទង់​កំ​ដៅ​(​ស្កេ​ន​) ដើម្បី​រក​វីរុស​ផ្លូវដង្ហើម​ថ្មី នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​, សៀមរាប និង​ក្រុងព្រះសីហនុ ចំណែក​ផ្លូវគោក​វិញ នៅ​ច្រក​ប៉ោយ​ប៉ែ​ត​, ច្រក​បា​វិត និង​ច្រក​ព្រែ​ចាក ខេត្តកំពត ។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​បន្ត​ថា មន្ត្រី​សុខាភិបាល​កម្ពុជា​ចំនួន ២,០០០​រូប ត្រូវ​បាន​បណ្តុះបណ្តាល និង​មានការ​រៀបចំ មន្ទីរពិសោធន៍​រួចរាល់​ហើយ​ដែរ នៅ​គ្រា​ដែល​អាជ្ញាធរ​ចិន​អះអាង​ថា វីរុស​ផ្លូវដង្ហើម​ថ្មី អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ខណៈ​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​រៀបចំ​កិច្ចប្រជុំ បន្ទាន់​មួយ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។​

​លោក លី សុ​វ៉ា​ន់ ក៏​បាន​បញ្ជាក់​ដែរ​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២១ មក​រា ២០២០​នេះ កម្ពុជា​អត់​មាន​ករណី​សង្ស័យ​លើ​អ្នកដំណើរ​ណា​ម្នាក់​បាន​ឆ្លង​វីរុស​ផ្លូវដង្ហើម​ថ្មី​នោះ​ទេ ។ ហើយ​រោគ​សញ្ញា ដែល​សង្ស័យ​ថា​ជា វីរុស​ខូ​រ៉ូ​ណា (Coronavirus)​នេះ រួម​មាន គ្រុនក្តៅ ឬ​ប្រវត្តិ​គ្រុនក្តៅ ក្អក ករណី​ធ្ងន់ធ្ងរ​មាន​ហត់ ឬ​ពិបាក​ដកដង្ហើម ។​

​យ៉ាងណា មន្ត្រី​ក្រសួងសុខាភិបាល ក៏​បាន​អំពាវនាវ​សូម​អោយ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន កុំ​ប៉ះ​សត្វ​ស្លាប នៅ​រស់​ដោយ​ផ្ទាល់ កុំ​បរិភោគ​ស៊ុត និង​សាច់​ឆៅ ។ ប្រសិនបើ​ពលរដ្ឋ​មាន​ច​ម្ង​ល់ ឬ​មាន​អាកា​រៈ​ប្លែក ឆាប់​រាយការណ៍ ឫ​ទំនាក់ទំនង​មក​លេខ ១១៥ ជា​បន្ទាន់ ។​

​សូម​ជម្រាប​ផង​ដែរ​ថា ក្រសួងសុខាភិបាល​ចិន កាលពី​ថ្ងៃ​ទ​ទី​២០ មក​រា បាន​ប្រកាស​ថា បុគ្គលិក​ពេទ្យ​បាន​ឆ្លង​កូ​រ៉ូ​ណា​វីរុស ដែល​គេ​រក​ឃើញ​លើក​ដំបូង​នៅ​ទីក្រុង​វូ​ហាន ដែល​ការ​ប្រកាស​នេះ បញ្ជាក់​ថា វីរុស​អាថ៌​កំបាំង​នេះ អាច​ចម្លង​ពី​មនុស្ស ទៅ​មនុស្ស​បាន ព្រោះថា «​ស្ថានភាព​បច្ចុប្បន្ន​គឺថា វា​លែង​ជា​វីរុស​ដែល​ចម្លង​ត្រឹមតែ​ពី​សត្វ​ទៅ​មនុស្ស តែ​វា​ពី​មនុស្ស​ទៅ​មនុស្ស​តែ​ម្តង​» ។​

​វីរុស​ផ្លូវដង្ហើម​ថ្មី​ដែល​កំពុង​បង្ក​ឲ្យ​ប្រទេស​ចិន និង​ពិភពលោក​ព្រួយបារម្ភ​ជា​ខ្លាំង​នេះ ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​រៀបចំ​កិច្ចប្រជុំ បន្ទាន់​មួយ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​តែ​ម្តង ។​

​បើ​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ចិន មនុស្ស​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​សរុប នៅ​ក្នុង​ទីក្រុង​វូ​ហាន (Wuhan) ភាគ​កណ្តាល​ប្រទេស​ចិន​កើនឡើង​ដល់​០៤​នាក់ ។​

​វីរុស​ខូ​រ៉ូ​ណា (Coronavirus) ត្រូវ​បាន​ក្រុម​ជំនាញ​វេជ្ជសាស្ត្រ​ចិន​អះអាង​ថា មិនសូវ​ខុស​ពី​ជំងឺ SARS ប៉ុន្មាន​នោះ​ឡើយ ព្រោះ​ពេល​មនុស្ស​ណា​ម្នាក់​ឆ្លង​ជំងឺ​នេះ ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​ពួក​គេ​នឹង​ចុះ​ទន់ខ្សោយ​ខ្លាំង​ភ្លាម​ៗ ដោយ​អ្នកជំងឺ​នឹង​ស្លាប់ ប្រសិនបើ​មិន​ត្រូវ​បាន​សង្គ្រោះ​មិន​បាន​ទាន់​ពេល ។​

​ក្រៅពី​មនុស្ស​ស្លាប់​កើន​ដល់​០៤​នាក់​នោះ អ្នក​ឆ្លង​វីរុស​នេះ​ក៏​បាន​កើនឡើង​ដល់​២១៨​នាក់​ផង​ដែរ ខណៈ​ប្រទេស​ផ្សេង​ៗ​ទៀត​ក្រៅពី​ចិន ដូច​ជា ថៃ ជប៉ុន និង​កូរ៉េ​ខាងត្បូង ក៏​បាន​អះអាង​ជា​ផ្លូវការ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ផ្លូវដង្ហើម​ថ្មី​ផង​ដែរ ដោយ​ពួក​គេ​ទាំងនោះ​សុទ្ធតែ​មាន​ប្រភព​ពី​ប្រទេស​ចិន​តែ​ម្តង ។​

​ដោយឡែក​នៅ​ក្នុង​ប្រទេស​ចិន​វិញ ក្រៅពី​ទីក្រុង Wuhan ដែល​ជា​កន្លែង​ផ្ទុះ​ជំងឺ​នេះ​ដំបូង ទីក្រុង​ប៉េ​កាំ​ង សៀង​ហៃ និង​ហ្សិ​ន​ជិន ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ដែរ ហើយ​ពួក​គេ​សុទ្ធតែ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វូ​ហាន ។​

​មក​ដល់​ពេល​នេះ សូ​ម្បី​តែ​មន្ត្រី​បម្រើ​ការងារ​ផ្នែក​វេជ្ជសាស្ត្រ​ចិន ១៥​នាក់ ក៏​កំពុង​ធ្លាក់ខ្លួន​ឈឺ​ផង​ដែរ ក្នុង​នោះ​ម្នាក់​មាន​អ​កា​រៈ​ធ្ងន់ធ្ងរ ដែល​បាន​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ពី​អ្នកជំងឺ ៕