រាជធានីភ្នំពេញ៖ មណ្ឌលអប់រំកែប្រែ «ម១» ហៅថាពន្ធនាគារព្រៃស ដែលជាកន្លែងឃុំខ្លួនអ្នកទោសធំជាងគេ បានប្រកាសផ្អាកការទទួលជនសង្ស័យជាបណ្តោះអាសន្ន ព្រោះតែនៅទីនោះ បានឃុំខ្លួនទណ្ឌិត និងជនសង្ស័យដល់ទៅប្រមាណ១ម៉ឺននាក់ទៅហើយ មិនមានកន្លែងសម្រាប់ឃុំខ្លួនជនសង្ស័យទៀតទេ ។

មន្ត្រីបម្រើការនៅពន្ធនាគារ«ម១» បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា សព្វថ្ងៃនេះ នៅពន្ធនាគារព្រៃស មានផ្ទុកទណ្ឌិត និងជនសង្ស័យប្រមាណ១ម៉ឺននាក់ ដែលភាគច្រើនជាអ្នកមានទោសពាក់ព័ន្ធគ្រឿងញៀន និងពិបាកគ្រប់គ្រងបំផុត ។
តែយ៉ាងណា ការផ្អាកមិនទទួលយកជនសង្ស័យទៅឃុំខ្លួននៅពន្ធនាគារព្រៃស«ម១»នោះ មិនទាន់មានការប្រកាសជាផ្លូវការណាមួយពីសំណាក់អ្នកគ្រប់គ្រងពន្ធនាគារនោះទេ តែនេះគ្រាន់តែជាការបង្ហើបឲ្យដឹងពីមន្ត្រីនគរបាលអនុវត្តច្បាប់មកពីគ្រប់បណ្តាអង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថ និងខណ្ឌនានា ដែលចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ហើយតុលាការសម្រេចឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះ ។
ក្រោយពេលពន្ធនាគារព្រៃ«ម១» បានផ្អាកការទទួលឃុំខ្លួនជនសង្ស័យនោះ ចុះបើសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន តើឲ្យយកពួកគេទៅឃុំខ្លួននៅឯណា ?
ជុំវិញនឹងករណីខាងលើនេះ «KBN» មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីមន្ត្រីពន្ធនាគារព្រៃស និងមន្ត្រីពាក់ព័ន្ធបានទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕