ប៉េ​កាំ​ង ៖ អាជ្ញាធរ​ប្រទេស​ចិន កាលពី​ថ្ងៃ​ចន្ទ ទី​២០ មក​រា ២០២០ នេះ​បាន​រាយការណ៍​ថា មនុស្ស​ទី​៣ ហើយ​បាន​ស្លាប់ និង​១៣៩​នាក់​ទៀត ឆ្លង​ជំងឺ​រលាក​សួត ប្រភេទ​ថ្មី វីរុស​ខូ​រ៉ូ​ណា (Coronavirus) ដែល​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ចិន ក៏​ដូច​អន្តរជាតិ កំពុង​សិក្សា​ស្វែង​យល់​អំពី​វា​នៅឡើយ ។​

​ក្រុម​មន្ត្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា វីរុស​នេះ​ត្រូវ​បាន​គេ​រក​ឃើញ នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង និង​ទីក្រុង​ហ្សិ​ន​ជិន​កាលពី​ចុង​ស​ប្តា​ហ៍​នេះ ដែល​នេះ​គឺជា​ការ​រីក​រាលដាល​បន្ថែម​ទៀត ។​

​សូម​ជម្រាប​ថា ទីក្រុង​វូ​ហាន (Wuhan) ភាគ​កណ្តាល​ប្រទេស​ចិន ដែល​ជា​កន្លែង ដែល​វីរុស​ខូ​រ៉ូ​ណា ត្រូវ​បាន​រក​ឃើញ​ដំបូង ការ​ស្ទុះ​ឡើង​យ៉ាង​គំហុក នៃ​អ្នក​ឆ្លង​វីរុស​នេះ ធ្វើ​អោយ​មានការ​ព្រួយបារម្ភ​ថា នឹង​កើនឡើង​ចំនួន​អ្នក​ឆ្ង​ង​បន្ថែម​ទៀត ចំ​ពេល ប្រជាជន​ចិន បាន​និង​កំពុង​ធ្វើ​ដំណើរ វិល​ទៅ​ស្រុក​កំណើត ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី ។​

​អង្គការ​សុខភាព​ពិភពលោក (WHO) អះអាង​អំពី​ការ​ឆ្លង​ថ្មី និង​ថា សត្វ​មួយ ទំនងជា​ប្រភព​ដើម នៃ​ការ​ឆ្លង​នេះ ហើយ​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស គឺ​ទាល់តែ​មានការ​ប៉ះពាល់​ដោយ​ផ្ទាល់ ។ យ៉ាងណា វីរុស​នេះ​នៅ​ជា​អាថ៌​កំបាំង​នៅឡើយ ។​

​បើ​តាម WHO វីរុស​បង្ក​ជំងឺ​រលាក​សួត​នេះ ត្រូវ​គេ​ដាក់​ឈ្មោះ​ថា កូ​រ៉ូ​ណា​វីរុស 2019-nCoV ។ វីរុស​ថ្មី​នេះ បង្ក​ការ​ប្រកាស​អាសន្ន ដោយសារ​វាស្រ​ដៀង​គ្នា នឹង​វីរុស​មួយ មានឈ្មោះ​ថា សា​(Sars) ដែល​បាន​សម្លាប់​មនុស្ស​ជិត​៨០០​នាក់ កាលពី​១៧​ឆ្នាំ​មុន នៅ​ទូ​ទាំង​ពិភពលោក ៕