យោងតាមផេករបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណីហិង្សា សិស្សនិងសិស្សវាយគ្នា បណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយហេតុការណ៍នេះ កើតឡើងនៅផ្លូវ៤០២ ក្រុម១១ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចំណុចផ្លូវលេខ១៨៧ ជាប់របងសាលា AIS។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះនី លីស៊ាង ភេទប្រុស (ឃាត់ខ្លួនបាន) ជនជាតិខ្មែ​រ​ ជាសិស្សសាលាAIS អន្ដរទ្វីបអាមេរិកាំង ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។

ចំណែកជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ជាសិស្សសាលាអន្តរទ្វីបអាមេរិកាំងAIS ស្នាក់នៅផ្ទះលេខ៤៣០​ ផ្លវ២៤BT​ ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជយ័។​

យោងតាមដំណើររឿងបានឲ្យដឹងថា មុនកេីតវេលាម៉ោងខាងលើ​ ជនរងគ្រោះរួមជាមួយមិត្តភក្រ្ដ័​ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអាមេរិចកាំង​ ទៅជួបជាមួយជនសង្ស័យនៅផ្លូវ៤០២​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ​ (មានទំនាស់នឹងគ្នារឿងហៅអា​) បន្ទាប់ពីជួបគ្នា ជាជនសង្ស័យក៏បានវាយគ្នាតែម្ដង​។

ក្រោយពីវាយគ្នាបានមួយសន្ទុះ ជនរងគ្រោះត្រូវបានជនសង្ស័យវាយដួលនៅនិងដី ក្រោយពីឃើញដៃគូទំនាស់ដេកដួលហើយ ជនសង្ស័យឃើញហេតុការណ៍មិនស្រួល ក៏បានជិះម៉ូតូម៉ាកToday គេចខ្លួនតែម្ដង​ បន្ទាប់មក ជនរងគ្រោះត្រូវបានមិត្តភក្តិ បញ្ជូនទៅមន្ទីរពេទ្យមិត្តភាព​ ខ្មែរ-សូវៀត​ ប៉ុន្ដែត្រូវបានគ្រូពេទ្យប្រាប់ថាបានស្លាប់បាត់ហេីយ៕