អូស្ត្រាលី៖ ថ្មីៗនេះកាសែតក្នុងស្រុកមួយ បានចុះផ្សាយឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី បានសម្រេចសម្លាប់សត្វអូដ្ឋជាង១ម៉ឺនក្បាលចោល នៅក្នុងតំបន់ភាគខាងត្បូងប្រទេស ដែលកំពុងតែជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយគោលបំណងនៃការសម្លាប់សត្វអូដ្ឋយ៉ាងច្រើននេះ គឺដើម្បីកុំឲ្យវាផឹកទឹកច្រើនពេកនៅក្នុងតំបន់នោះ ។

បើតាមរបាយការណ៍បានបន្តថា សត្វអូដ្ឋទាំងនោះ ត្រូវបានគេរកឃើញថា វាតែងតែរំខានអ្នកស្រុកភូមិនៅតំបន់នោះ ពេលដែលពួកវាស្វែងរកប្រភពទឹកដើម្បីផឹកម្តងៗ ។

បើតាមអ្នកជំនាញបានឲ្យដឹងថា សត្វអូដ្ឋដែលមានចំនួនជាង១លាន២សែនក្បាល បានបញ្ចេញឧស្ម័នមេតានជាង១តោន ជារៀងរាល់ឆ្នាំ ដែលជាហេតុបណ្តាលឲ្យកំដៅកើនឡើង អាកាសធាតុកាន់តែក្តៅហួតហែងពី១ឆ្នាំទៅ១ឆ្នាំ ។

ទោះជាយ៉ាងណា ក្រុមអភិរក្សសត្វព្រៃបានធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះវិធីនៃការសម្លាប់សត្វអូដ្ឋខាងលើនេះ ថាជាអំពើសាហាវជាទីបំផុតចំពោះជីវិតសត្វដ៏ស្លូតមួយនេះ៕

ប្រភព៖ Alkhaleej