ភ្នំពេញ៖ ដំណើរការកាត់​ក្តី​លោក​ កឹម សុខា​ ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​​ត្រូវបាន​​រំលាយ​ បាន​ប្រព្រឹត្ត​ទៅប្រកប​​ដោយ​ភាព​មិន​ប្រក្រតី​ និង «គ្មានគុណភាព»។​ នេះជាការបញ្ជាក់​របស់ ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​នៃ អង្គការ​សហប្រជាជាតិ​ (អ.ស.ប.) ក្នុង​សេចក្តីប្រកាស​មួយ ​ដែល​បាន​ទទួល​នៅ​ថ្ងៃសុក្រ​នេះ ​ពី​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​ ក្នុង​​ទីក្រុង​ហ្សឺណែវ។

សវនាការ​កាត់​ក្តីលោក ​កឹម សុខា​ ​ បានចាប់​ផ្តើម​កាល​ពីថ្ងៃ​ទី ​១៥​ ខែមករា​ ឆ្នាំ ​២០២០ ​នៅ​តុលាការ​ក្រុងភ្នំពេញ ​ក្រោម​បរិយាកាស​រឹតត្បិត មិនឲ្យអ្នកសារព័ត៌​មាន​ចូលរួម​ និង​ក្រោម​ការ​ឃ្លាំមើល​ពី​ក្រុមអង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​ និង​ក្រៅប្រទេស។

​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ បានបង្ហាញ​ក្តីកង្វល់​ អំពីការ​ជំនុំ​ជម្រះ​ក្តី​ពី បទក្បត់​ជាតិ​ ដែលបាន​ចាប់​ផ្តើម​ក្នុងសប្តាហ៍នេះ​ ប្រឆាំង​នឹង​លោក ​កឹម សុខា​ មេដឹកនាំគណបក្ស​ប្រឆាំង ​នៅ​កម្ពុជា​។​ ក្រុមអ្នកជំនាញ​ បាន​កត់សម្គាល់​ថា​ ដំណើរការ​ទាំងមូល​ចាប់​ពីការ​ចោទប្រកាន់រហូត​ដល់ ការ​ជំនុំ​ជម្រះក្តី​«​គ្របដណ្តប់​ដោយ​ភាព​មិន​ប្រក្រតី»។

ក្រុមអ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​ អង្គការ​សហប្រជាជាតិ​ បាន​មាន​ប្រសាសន៍ នៅ​ក្នុង​សេចក្តីប្រកាសថា៖ «យើង មាន​ហេតុ​ផល​រឹងមាំ​អាច​ជឿ​ថា​ ការ​ចោទ​ប្រកាន់​ពី​ប​ទក្បត់​ជាតិ​ ប្រឆាំង​នឹង​ លោក​ សុខា គឺ​ជា​ហេតុ​ផល​នយោបាយ ហើយ​ការចោទ​ប្រកាន់​នេះ ​វាក៏ជាផ្នែក​នៃ​លំនាំ​មួយ​កាន់​តែ​ធំ​ជាង​នេះ​ នៃ​ការ​ប្រើ​ប្រាស់​ច្បាប់​ មិន​ត្រឹមត្រូវ​ដើម្បី​ដាក់​គោល​ដៅ​ទៅ​លើ​គូ​ប្រជែង​នយោបាយ​ និង​អ្នក​រិះគ​ន់​រដ្ឋាភិបាល»។

ក្រុមអ្នក​ជំនាញអ្នកជំនាញ អ.ស.ប ដែលមានលោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត (Ms Rhona Smith) អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា លោក ដាវីដ កាយ៉េ (Mr. David Kaye) អ្នករាយការណ៍ពិសេស ស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ និង លោក ឌីហ្គោ កាសៀ-សាយយាន (Mr. Diego García-Sayán) អ្នករាយការណ៍ពិសេស ស្តីពីឯករាជ្យភាពរបស់ចៅក្រម និងមេធាវី បានថ្លែង​ដោយ​សង្កត់​ធ្ងន់ថា៖ «​ដំណើរ​ការ​ទាំងមូលនៃការចាប់ខ្លួន និង​ការ​ឃុំខ្លួន​របស់​លោក​ កឹម សុខា​ គឺ​មិនមាន​គុណភាព​ អាច​ទទួល​យកបាន​ ដោយ​មាន​ភាព​មិន​ប្រក្រតី​ និង​ការមិនគិតគូរ​យ៉ាងច្បាស់ ​ពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់កម្ពុជា»​ ៕