វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានព្រមានទៅលោក អាលី ខាមេណៃ (Ali Khamenei) មេដឹកនាំកំពូលអ៊ីរ៉ង់ ឱ្យប្រយ័ត្នប្រយែងចំពោះពាក្យសម្ដីខ្លួនឯង មុននឹងហាមាត់និយាយស្ដី ក្រោយពីមេដឹកនាំកំពូលអ៊ីរ៉ង់ រូបនេះបានចាត់ទុកថា ការសម្លាប់លោកមេទ័ព កាស្សិម សូឡៃមេនី (Qasem Soleimani) ដោយសហរដ្ឋអាមេរិកនោះ គឺជាទង្វើដ៏កំសាក និងមិនសក្តិសមជាមហាអំណាចលេខ១ នៅលើពិភពលោកនេះទាល់តែសោះ។

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ នេះ។
កាលពីថ្ងៃសុក្រ ទី១៧ ខែមករា ម្សិលមិញ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានថ្លែងសារក្នុងពេលដឹកនាំការថ្វាយបង្គំព្រះ បរិហាថា ការសម្លាប់លោកមេទ័ព កាស្សិម សូឡៃមេនី (Qasem Soleimani) ដោយសហរដ្ឋអាមេរិកនោះ គឺជាទង្វើដ៏កំសាក និងមិនសក្តិសមជាមហាអំណាចលេខ១ នៅលើពិភពលោកនេះទាល់តែសោះហើយថា សហរដ្ឋអាមេរិក មិនហ៊ានប្រឈមមុខដោយផ្ទាល់ជាមួយលោក Soleimani នៅលើសមរភូមិ ទើបលួចសម្លាប់រូបលោកចោល។

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់នៅលើ Twitter ដូច្នេះថា មេដឹកនាំកំពូលអ៊ីរ៉ង់ ដែលមិនសមកាន់តំណែងកំពូលបែបនេះ បាននិយាយរឿងដែលធ្វើឱ្យគេស្អប់ ដោយសារតែការមួលបង្កាច់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ តែស្របពេលសេដ្ឋកិច្ចរបស់អ៉ីរ៉ង់កំពុងដុនដាប ហើយប្រជាជនអ៊ីរ៉ង់ កំពុងរងការឈឺចាប់ ដូច្នេះលោក ( Khamenei) គួរតែមានការប្រយ័ត្នប្រយែង ចំពោះសម្ដីខ្លួនឯង។
កាលពីដើមខែមករា កន្លងទៅ បន្ទាប់ពីលោក Qasem Soleimani ត្រូវបានអាមេរិកសម្លាប់ នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់ស្រេចមីស៊ីលរាប់សិបគ្រាប់ លើមូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់ ជាការសងសឹកវិញ។ ភ្លាមៗនោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងថា គ្មានកងទ័ពអាមេរិកណាម្នាក់ស្លាប់ ឬរងរបួស នៅក្នុងការវាយប្រហារនេះទេ។ តែបើតាមទីបញ្ជាការកណ្ដាលអាមេរិក ថា កងទ័ពរបស់ខ្លួន ១១នាក់បានរងរបួសនៅក្នុងការវាយប្រហារនោះ ៕