ភ្នំពេញ៖ បុរសជាបុគ្គលិកសន្តិសុខម្នាក់ ក្រោយពីថៅកែមិនបើកប្រាក់ខែឲ្យ បានជួបវិបត្តិក្នុងគ្រួសារ ស្រាប់តែឃើញលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងទន្លេសាប ក្រុម៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

បុរសរងគ្រោះមានឈ្មោះ អឿ រ៉ាវី អាយុ ៤៨ឆ្នាំ មានកូន៤នាក់នៅក្នុងបន្ទុក មុខរបរបុគ្គលិកសន្តិសុខនៅក្នុងក្រុមហ៊ុនមួយកន្លែង ស្នាក់នៅភូមិ-ឃុំកើតហេតុ។
តាមអ្នកជិតខាងបានឲ្យដឹងថា បុរសរងគ្រោះមានវិបត្តិផ្លូវចិត្ត ប្រហែលបួនខែមកហើយ ដោយជីវភាពក្រីក្រពេក ហើយក្នុងគ្រួសារចេះតែរកាំរកូស ម្យ៉ាងនៅពេលគាត់ទៅធ្វើការជាសន្តិសុខ រយ:ពេលជាងមួយខែហើយ ថៅកែមិនបើកលុយឲ្យទៀត ធ្វើឲ្យគាត់ជួបវិបត្តិកាន់តែធ្ងន់ធ្ងរ។


បុរសរងគ្រោះបានបាត់ខ្លួនពីផ្ទះកាលពីម៉ោងប្រមាណ ៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ ដោយក្រុមគ្រសារ បានដើររកមិនឃើញសោះ ។ ក្រោយមក ក៏ប្រទះឃើញស្បែកជើងជនរងគ្រោះនៅច្រាំងទន្លេ និងឃើញមួកជនរងគ្រោះអណ្តែតលើផ្ទៃទឹក ក៍បានសាកសួរម្ចាស់ជិះទូកនៅក្បែរនោះ គេប្រាប់ថា ឃើញបុរសខាងលើ បានដើរចុះទឹក តែត្រូវគេដេញឲ្យឡើងគោកវិញដែរ តែបន្តិចក្រោយមក មិនថា បុរសរងគ្រោះទៅណាទៀតទេ។


ក្រុមគ្រួសារសង្ស័យថាជនរងគ្រោះអាចនឹងលង់ទឹក តែដោយគ្មានលុយជួលគេមុជរាវរកផង ទើបបានត្រឹមអង្គុយចាំមើលសពអណ្តែតឡើងប៉ុណ្ណោះ។ លុះមកដល់វេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី ១៦ ខែមករា នេះ ទើបឃើញសាកសពអណ្ដែតឡើង ។ តែយត៉ាងណា គេនៅមិនទាន់ដឹងថា ជនរងគ្រោះ លោតទឹកសម្លាប់ខ្លួនដោយខ្លួនឯង ឬក៍វង្វេងស្មារតីដើរចុះទឹក បណ្ដាលឲ្យលង់ស្លាប់ បន្សល់ទុកកូនកំព្រា៤នាក់ ។
ក្រោយសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច័យរួច បានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕