ខេត្តបាត់ដំបង ៖ ជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគាររយៈពេល៦ខែ ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់រហូតផ្ទុះអាវុធចំនួន២គ្រាប់ ទើបឈានដល់ការឃាត់ខ្លួន និងឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនជិត៦គីឡូក្រាម។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងឡើងកាលពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចរង្វង់មូលនាងរំសាយសក់ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ។
ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់នោះ ត្រូវបានគេស្គាល់ ឈ្មោះហឿន ឧត្តម ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ជាមុខសញ្ញាចាស់ ទើបតែចេញពីពន្ធនាគារមិនបាន៦ខែប៉ុណ្ណោះ។
មុនពេលឃាត់ខ្លួន ជនសង្ស័យ២នាក់នេះជិះរថយន្ត១គ្រឿងម៉ាកនីសាន់ ដែលសង្ស័យថា មានផ្ទុកគ្រឿងញៀន កម្លាំងសមត្ថកិច្ចក្រុង បានផ្ទុះអាវុធខ្លីចំនួន២គ្រាប់ ឃាត់រថយន្តនោះ។ ពេលឆែកឆេរជាក់ស្ដែងនោះ បានរកឃើញសារធាតុញៀនទម្ងន់ជិត៦គីឡូក្រាម។
ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕