ក្រសួង​សុខាភិបាល​ជប៉ុន ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល ចាប់​ផ្តើម​​ការ​សិក្សា​ស្រាវជ្រាវ​ចិញ្ចឹម​សរី​រាង្គ​មនុស្ស ដូច​ជា​លំពែង នៅ​ក្នុង​ខ្លួន​សត្វ​ជ្រូក ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​វះកាត់​សរីរាង្គ ខណៈ​ការ​ស្រាវជ្រាវនេះ​ធ្វើ​ឡើងដោយ​​ក្រុម​សាស្ត្រចារ្យ នៃ​សាកល​វិទ្យាល័យ Meiji និង​ក្រុម​អ្នក​ស្រាវជ្រាវ​ផ្សេង​ទៀត។

ក្រុម​អ្នក​ស្រាវ​ជ្រាវ រំពឹង​នឹង​ចាក់​បញ្ចូល​កោសិកា​បង្ក​កំណើត​ដើម​របស់​មនុស្ស ហៅ​ថា pluripotent stem cells ឬ iPS cells ទៅ​នឹង​ស៊ុត​បង្ក​កំណើត​របស់​សត្វ​ជ្រូក ដើម្បី​ឲ្យ​ធំ​លូត​លាស់​ក្នុង​ស្បូន​ជ្រូក។

ស៊ុត​បង្ក​កំណើត​ត្រូវ​អ្នក​វិទ្យសាស្ត្រ​ជប៉ុន​រំពឹងថានឹង​លូត​លាស់​ទៅ​ជា​គភ៌​ដែល​ជា​ការ​ផ្សាំ​រវាង​កោសិកា​ដើម​របស់​ជ្រូក និង​កោសិកា​ដើម​របស់​មនុស្ស។ នៅ​៣០ថ្ងៃ​បន្ទាប់ ក្រុម​អ្នក​វិទ្យាសាស្ត្រ នឹង​ទាញ​យក​ភគ៌​ចេញ​មក​ក្រៅ ដើម្បី​ពិនិត្យ​មើល​ថា កោសិកា​មនុស្ស​បាន​លាយ​ជា​មួយ​កោសិកា​ដែល​នឹង​វិឌ្ឍន៍​ទៅ​ជា​លំពែង​បាន ឬ​យ៉ាង​ណា។ ករណី​លទ្ធផល​ដូច​ការ​រំពឹង​ទុក ភគ៌​នេះនឹង​ត្រូវ​រក្សា​ក្នុង​ស្បូន​ជ្រូក​ឲ្យ​យូរ​បំផុត​តាម​អាច​ធ្វើ​បាន ឬ​អាច​រង់ចាំ​រហូត​ដល់​សម្រាល​តែ​ម្តង។

យ៉ាង​ណា ការ​សិក្សា​ត្រូវ​គេ​អះអាងថាត្រូវទាម​ទារ​រយៈពេល​យ៉ាង​ហោច​ណាស់១០​ឆ្នាំ ទើប​អាច​ប្រើ​ប្រាស់​សម្រាប់​ផ្លាស់​ប្តូរ​សរីរាង្គ​មនុស្ស​បាន ព្រោះ​មាន​បញ្ហា​ច្រើន​ទៀត​ទាម​ទារឲ្យ​មាន​ការ​ដោះ​ស្រាយ​ជា​មុន។

កាល​ពី​ខែ​មី​នា ឆ្នាំ២០១៩ រដ្ឋាភិបាល​ជប៉ុន ធ្លាប់​បាន​ដាក់​បម្រាម​មិន​ឲ្យ​មាន​ការ​ស្រាវជ្រាវចាក់​កោសិកា​ដើម​មនុស្ស ទៅ​ក្នុងស៊ុត​បង្ក​កំណើត​សត្វ​នោះ​ទេ ប៉ុន្តែ​ក្រោយ​សាស្ត្រាចារ្យ Hiromitsu Nakauchi នៃ​សកល​វិទ្យាល័យ​ក្រុង​តូក្យូ ជោគជ័យ​លើ​ការ​ស្រាវជ្រាវ​បង្កើត​សរីរាង្គ​មនុស្ស​ក្នុង​សត្វ​កណ្តុរ​មក ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ ដក​បម្រាម​នេះ​ចេញ​តែ​ម្តង ខណៈ​ការ​ស្រាវជ្រាវ​លើ​សត្វ​ជ្រូក ក៏​មាន​លោក Hiromitsu Nakauchi ចូល​រួម​ផង​ដែរ​ ៕