រាជធានីភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា ទីក្រុងព្រះសីហនុកំពុងមានការប្រែមុខមាត់ ដោយផ្តល់ឱកាសសេដ្ឋកិច្ចច្រើន តែទន្ទឹមនឹងនោះ ក៏មានផលលំបាកកាន់តែច្រើនផងដែរ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះបានសរសេរថា នៅទីក្រុងព្រះសីហនុ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយមន្រ្តីមួយចំនួន ដើម្បីពិភាក្សាពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុងនេះ។ ដំបូង លោកបានជួបជាមួយលោកអភិបាល គួច ចំរើន ដើម្បីពិភាក្សាពីសារសំខាន់នៃនិតិរដ្ឋ និងការចូលរួមជាមួយសង្គមស៊ីវិល ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ទាក់ទាញការវិនិយោគល្អៗ និងធានាប្រជាធិបតេយ្យ។

ហ្វេសប៊ុកស្ថានទូតអាមេរិកបន្ថែមថា លោកថែមទាំងបានជួបជាមួយលោក ជួន ណារិន ស្នងការនគរបាល ដែលកំពុងប្រឈមនឹងកំណើននៃបទល្មើស។ សហរដ្ឋអាមេរិកធ្វើការជាមួយនឹងនគរបាល ដើម្បីការពារកុមារ ចាប់យកមកកាត់ទោសនូវជនគេចខ្លួន ប្រឆាំងនឹងការជួញដូរមនុស្ស គ្រឿងញៀន សត្វព្រៃ និងទំនិញក្លែងក្លាយ។

លោកឯកអគ្គរដ្ឋទូតបាននិយាយថា “ទីក្រុងព្រះសីហនុកំពុងមានការប្រែមុខមាត់ ដោយផ្តល់ឱកាសសេដ្ឋកិច្ចច្រើន តែទន្ទឹមនឹងនោះ ក៏មានផលលំបាកកាន់តែច្រើនផងដែរ ដែលចោទជាបញ្ហាប្រឈមធ្ងន់ធ្ងរ”៕