ភ្នំពេញ៖ ក្នុងពេលដែលលោក កឹម សុខា កំពុងចូលរួមសវនាការជំនុំជម្រះលើរូបលោក លោកបានបង្ហោះសារតាមហ្វេសប៊ុករបស់លោក ដោយបានបដិសេធសារជាថ្មីថា លោកមិនបានប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទប្រកាន់នោះទេ។
នៅលើហ្វេសប៊ុករបស់លោក កឹម សុខា មានការបង្ហោះសារថា៖ «ខ្ញុំបដិសេធទាំងស្រុងនូវការចោទប្រកាន់មកលើរូបខ្ញុំពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ ខ្ញុំមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពានព្រះរាជាណាចក្រកម្ពុជាឡើយ»។
លោកបានបន្ថែមថា៖ «ខ្ញុំមិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេសខ្ញុំមិនបានប្រព្រឹត្តនូវអំពើទាំង ឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ។ សកម្មភាពទាំងអស់របស់ខ្ញុំ គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
លោក កឹម សុខា បានបន្ថែមថា៖ «គ្រប់សកម្មភាពនយោបាយរបស់ខ្ញុំ គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ»។ លោកបានបញ្ជាក់ទៀតថា លោកនៅតែទាមទារឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើរូបលោក។
គួររំលឹកដែលថា សវនាការដំបូងនេះមានរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៥ និងទី១៦ ខែមករា។ នេះបើតាមមេធាវីរបស់លោក កឹម សុខា។
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ថា សវនាការជំនុំជម្រះលើលោក កឹម សុខា អាចប្រើរយៈពេលទៅដល់៣ខែ ៕