រាជធានី​ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​៨និង៣០​នាទី​ព្រឹកថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ដ​បើក​សវនាការ​ជំនុំ​ជម្រះក្ដី លើ​សំណុំរឿង​ក្បត់ជាតិរបស់​លោក កឹ​ម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​។

នៅ​ក្នុង​សវនាការ​លើក​ទី​១ នា​ព្រឹក​ថ្ងៃ​ទី​១៥ មករា លោក កឹ​ម សុខា ក្រោយ​ពី​ក្រុមប្រឹក្សា​សម្រេច​ចាក់​វី​ដេ​អូ​ឃ្លឹ​ប​នេះ ​ជា​ភ័ស្ដុតាង​សំខាន់​ក្នុង​សំណុំរឿង «​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​»​ លោក កឹ​ម សុខា បាន​បដិសេធ​ចំណុច​មួយ​នៅ​ត្រង់​ថា វី​ដេ​អូ​ដែល​ចាក់​នេះ​មិន​គ្រប់​ទេ ពោល​បាន​កាត់​ជា​កំណត់ ខណៈ​ដែល​ចំណុច​សំខាន់​មួយ​ចំនួន ជា​ផលប្រយោជន៍​សម្រាប់​គាត់ គឺ​ត្រូវ​បាន​កាត់​ចេញ​ ។ នេះ​ជា​អ្វី​ដែល​លោក កឹ​ម សុខា តវ៉ា​នៅ​បន្ទាប់​ពី​ការ​ចាក់​វី​ដេ​អូ​ឃ្លឹ​ប ​។ ជាមួយ​គ្នា​នេះ លោក កឹ​ម សុខា ឲ្យ USB ថ្មី​មួយ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ ដោយ​អះអាង​ថា ជា​វី​ដេ​អូ​ឃ្លឹ​ប​ទាំងស្រុង​របស់​លោក​ ។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បានសម្រេច​ដាក់​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ​ដដែល​តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន​ដែល​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ ពោលគឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការសម្រេច​នេះ ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព និង​កិច្ចសហការ​ល្អ​របស់លោក កឹម​សុខា ជាមួយ​សមត្ថកិច្ច នាពេល​កន្លងមក​។ ប៉ុន្តែ​លោក ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ ពី​គ្រប់​សមត្ថកិច្ច​៕