ខេត្តក្រចេះ ៖ ក្រុមអ្នកអភិរក្សមកពីសហគមន៍នេសាទ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសំបុកសត្វកន្ធាយក្បាលកង្កែបឬល្មិចចំនួន ១៣សំបុក សរុបស្មើ ៤៤៤ពង នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តក្រចេះ ចាប់តាំងពីដើម រដូវពងកូន ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ២០២០។
នេះបើយោងតាមទំព័រហ្វេសប៊ុកអង្គការ WCScambodia។

ពងសត្វកន្ធាយក្បាលកង្កែប ឬហៅថាល្មិចចំនួន១៣សំបុក ស្មើនឹង៤៤៤ពង ត្រូវរកឃើញដោយក្រុម អ្នកអភិរក្សមកពីសហគមន៍នេសាទរដ្ឋបាលជលផល និងអង្គការ WCS ខណៈត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ IUCN ថាជាប្រភេទកំពុងទទួលរងការគំរាមកំហែងជាសកល ស្ទើរតែផុតពូជ ។

កន្ធាយក្បាលកង្កែប ឬល្មិច ដែលឈ្មោះវិទ្យាសាស្ត្រហៅថា Pelochelys cantorii) ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់ IUCN ថា ជាប្រភេទកំពុងទទួលរងការគំរាមកំហែងជាសកល។ កន្ធាយប្រភេទនេះ ត្រូវបានគេគិតថា បានផុតពូជហើយនៅ តាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក្នុងឆ្នាំ ២០០៧ កន្ធាយប្រភេទនេះត្រូវបានរកឃើញសាជាថ្មីនៅក្នុងដែនទឹកនៃដងទន្លេមេគង្គប្រវែង ៤៨គ.ម ចន្លោះពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង ដោយអង្គការអភិរក្សអន្តរជាតិ និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កម្មវិធីការពារសំបុកអណ្តើក កន្ធាយ ត្រូវបានអនុវត្តដោយអង្គការ WCS សហការជាមួយសហគមន៍នេសាទនានា ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងរដ្ឋបាលជលផល ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ម៉ាហ្គារេត ខាហ្គីល (Margaret A. Cargill Philanthropies), ឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore), និង Turtle Survival Alliance ៕