ភ្នំពេញ ៖ យុវជនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពវាយក្បាលមន្រ្តីនគរបាលខណ្ឌ២នាក់ កំពុងតែដើរតាមផ្លូវ តែជនបង្កបានរត់គេចខ្លួនបាត់ ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

វជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ជឿន ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករលើកអីវ៉ាន់ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើត ឈូកស ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ជាអ្នកដើរជាមួយជនបង្ក ។ ចំណែកជនបង្កដែលរត់គេចខ្លួនបាត់ ឈ្មោះឆៃ អាយុប្រហែល១៩ឆ្នាំ ។
យុវជនដែលសមត្ថកិច្ចចាប់ខ្លួន បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបគេបានដើរមកពីផ្ទះបងជាមួយក្រុមការងារជាមួយគ្នា ដោយមានជនបង្កដើរមកជាមួយផងដែរ ប៉ុន្តែមិនបានដឹងថា ជនបង្កដើរមកជាមួយនោះមានលាក់កាំបិតបុ័ងតោនោះឡើយ ។ លុះដើរមកដល់ចំណុចកើតហេតុ ក៏ឃើញសមត្ថកិច្ចនគរបាល២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ ដោយពាក់មួកសុវត្ថិភាពទាំង២នាក់ និងមានពាក់អាវពណ៌ស ពីខាងក្រៅ ។

ពេលនោះ ជនបង្កបានធ្វើសកម្មភាពទះក្បាលសមត្ថកិច្ចចំមួកសុវត្ថិភាពត្រូវមួយដៃ ហើយជនរងគ្រោះជាមន្រ្តីនគរបាលនោះចុះពីលើម៉ូតូបានចាប់ទះ២ទៅ៣ដៃវិញ ហើយជនបង្កបានរត់គេចខ្លួនបាត់ នៅសល់រូបគេដែលជាអ្នកដើរជាមួយ ក៏ត្រូវសមត្ថកិច្ចឃាត់យកមកសួរនាំភ្លាមៗនៅប៉ុស្តិ៍នគរបាលចោមចៅ៣ តែម្តង ។
ក្រោយការសាកសួរ មន្រ្តីនគរបាលដែលជាជនរងគ្រោះទាំង២នាក់ខាងលើ មិនប្តឹងផ្តល់អ្វីទាំងអស់ គ្រាន់តែឲ្យបក្ខពួកជនបង្កសុំទោស និងធ្វើកិច្ចសន្យាណែនាំ រួចហៅអាណាព្យាបាលមកធានាយកត្រឡប់ទៅផ្ទះវិញ ៕