ភ្នំពេញ​៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកទទួលពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន ៨ តំបន់។

តំបន់​សម្បទាន​ស្វែង​រុករក​រ៉ែ​ចំនួន​៨​កន្លែង​ទៀត ត្រូវបាន​ក្រសួង​រ៉ែ និង​ថាមពល​ប្រកាស​បើក​ ​តំបន់​ស្វែង​រុករក​រ៉ែ​ទាំងនោះ​រួមមាន ទីតាំង​ទី​១​មាន​ផ្ទៃក្រឡា​១១២​គីឡូម៉ែត្រ​ក្រឡា ស្ថិតក្នុង​តំបន់​អូរ​កោង​កាង​ក្នុងស្រុក​ថា​ឡាប​រី​វាត់ ខេត្តស្ទឹងត្រែង​។ ទីតាំង​ទី​២​មាន​ទំហំ​១៩០​គីឡូម៉ែត្រ​ក្រឡា ក្នុង​តំបន់ភ្នំ​ន​ទោង ក្នុងស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។ ទីតាំង​ទី​៣​មាន​ទំហំ ១៤៥​គីឡូម៉ែត្រ​ក្រឡា ក្នុង​តំបន់ភ្នំ​ច្រាច ស្រុក​ឆែប និង​ស្រុក​សែន​ជ័យ ខេត្តព្រះវិហារ​។ ទីតាំង​ទី​៤​មាន​ផ្ទៃដី​១៥១​គីឡូម៉ែត្រ​ក្រឡា ក្នុង​តំបន់​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។

​ទីតាំង​ទី​៥​មាន​ទំហំ​២០០​គីឡូម៉ែត្រ​ក្រឡា ក្នុង​តំបន់​ខ្វាវ​ខាងកើត ឃុំ​ខ្វាវ ក្នុង​ខេត្តសៀមរាប និង​ឃុំ​ស្រែ​យ៉ាង​រណសិរ្ស ក្នុង​ខេត្តព្រះវិហារ​។ ទីតាំង​ទី​៦​មាន​ទំហំ​២០០​គីឡូម៉ែត្រ​ក្រឡា ក្នុង​តំបន់​ខ្វាវ​ខាងលិច ឃុំ​ខ្វាវ ឃុំ​តា​សៀម និង​ឃុំ​ស្វាយ​លើ ខេត្តសៀមរាប​។ ទីតាំង​ទី​៧​មាន​ផ្ទៃដី​១៩៦​គីឡូម៉ែត្រ​ក្រឡា ក្នុង​តំបន់​ព្រែក​ខ្លុង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​ទី​តាំងទី​៨​មាន​ទំហំ ១៩៥​គីឡូម៉ែត្រ​ក្រឡា ក្នុង​តំបន់​អូរ​ខ្ទង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​
ក្រសួងបញ្ជាក់ថា បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែ ចាប់ពីពេលជូនដំណឹង រហូតដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយលទ្ធផលនៃក្រុមហ៊ុនដែលនឹងទទួលបានអាជ្ញាបណ្ណ នឹងត្រូវប្រកាសជាសាធារណៈ បន្ទាប់ពីបានអនុវត្តតាមនីតិវិធីចប់សព្វគ្រប់ ៕