ព្រះ​សីហ​នុ​ ៖ នៅ​ថ្ងៃ​ទី​១៥ មករា ​២០២០​នេះ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​សហការ​ជាមួយ​កម្លាំង​ចម្រុះ នៃ​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ចុះ​​ទប់ស្កាត់ និង​រុះរើ​សំណង់ផ្ទះ​ខ្ទម​អនាធិបតេយ្យ ដែល​សង់​លើ​ដី​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ (​រាម​) ត្រង់​ចំណុច​តា​បិ​ន ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

នៅ​ក្នុង​ប្រតិបត្តិការ​នេះដឹកនាំ​ដោយ​លោក ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ត្រូវ​បាន​ក្រុម​អនាធិបតេយ្យ​ទាំងនោះ បាន​ប្រើ​ហិង្សា​មក​លើ​ក្រុម​កា​ងារ​ដោយ​ប្រើ​កាំបិត ពូថៅ ដំបង ដុំ​ថ្ម ជំ​ពាម​កៅស៊ូ និង​ដប​សាំង វាយ កាប់ និង​គប់​បណ្តាល​ឱ្យ​នគរបាល រង​របួស​ម្នាក់​ឈ្មោះ នី សា​រ៉ាត់ ជា​នាយ​ប៉ុស្តិ៍​ទួល​ទទឹង​, មន្ត្រី​អាវុធហត្ថ​រង​របួស​ម្នាក់​ឈ្មោះ​រឿង សុខ​ជា ជា​សមាជិក​កង​អន្តរាគមន៍​ពិសេស អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​ប្រជា​ការពារ​ឃុំ​រង​បួស​ម្នាក់​ឈ្មោះ លន់ សា​រិ​ទ្ធ​ ។

ភ្លាម​ៗ កម្លាំង​នគរបាល នៃ​ស្នងការ​ខេត្ត​បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​៧​នាក់ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​បំពេញ​នីតិវិធី ​៕