ភ្នំពេញ ៖ មាន​ករណី​ស្ត្រី​ម្នាក់​លួច​លូក​យក​កាបូប​លុយ​គេ ខណៈជនរងគ្រោះ​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​ឃើញ​កាបូប​គេ​ចំហ តែ​ត្រូវ​ម្ចាស់​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ នៅ​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​ក្នុង​ផ្សារ​អូរ​ប្ញ​ស្សី សង្កាត់​អូរ​ឫស្សី​ទី​១ ខណ្ឌ​៧​មក​រា ​។

ជនសង្ស័យ​ឈ្មោះ​គឹ​ម ចាន់​ទី​ន ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​កំពង់​ថ្កូវ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​ ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ស.ល​ ភេទ​ស្រី ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​៤​ជ ខណ្ឌចំការមន​ ។ សម្ភារ​បាត់បង់ រួម​មានកូន​កាបូប​លុយ​ចំនួន​១ និង​ប្រាក់​ចំនួន​២០០​ដុល្លារ ​។

សមត្ថកិច្ច​ ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ចេញពីផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​ខាងក្រោយ​ថ្មដា មក​ផ្សារ​អូរ​ឫស្សី ដើម្បី​រក​ទិញ​អីវ៉ាន់​សែន​ដក​ជើងធូប​ ។ ពេល​មក​ដល់​ក្នុង​ផ្សារ ជនសង្ស័យ​ដើរ​មើល​ដល់​ច្រក​ទី​១១ ឃើញ​ជន​រង​គ្រោះ​កំពុង​រក​ទិញ​អីវ៉ាន់ ហើយ​ស្ពាយ​កាបូប​ចំហ​រ៉ូ​ត​ខាងក្រោយ​ខ្នង ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​លូក​លួច​យក​កាបូប​ដាក់​លុយ​នៅ​ក្នុង​កាបូបស្ពាយ​ ភ្លាម​នោះ ជន​រង​គ្រោះ​ដឹង​ខ្លួនទាន់ ​ក៏​ចាប់​ក​អាវ​ ជនសង្ស័យ​ជាប់ ​នាំ​មក​ដល់​ផ្លូវ​១៨២ ជួបនឹង​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ឫស្សី​ទី​១ ក៏​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ​ ។

ជនសង្ស័យ ត្រូវបាន​នគរបាល​ខណ្ឌ​៧​មក​រា ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕