ភ្នំពេញ៖ ក្រោយបញ្ចប់សវនាការលើកទី១ លើសំណុំរឿងក្បត់ជាតិ របស់លោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះមក លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានអះអាងថា ក្នុងសវនាការនាព្រឹកមិញនេះ ក្រោយពីក្រុមប្រឹក្សាសម្រេចចាក់វីដេអូឃ្លឹបជាភ័ស្ដុតាងសំខាន់ក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» នៅក្នុងអង្គសវនាការ លោក កឹម សុខា បានទទួលស្គាល់ថា វីដេអូដែលនិយាយអំពីដំណើររឿងបរទេស បានបណ្ដុះបណ្ដាល និងបង្រៀនលោកអំពីរបៀបនៃការផ្លាស់ប្ដូររបប គឺជាវីដេអូរបស់លោកពិតប្រាកដមែន។

តែទន្ទឹងនឹងការទទួលស្គាល់នេះ លោក កឹម សុខា បានតវ៉ាថា វីដេអូដែលចាក់បង្ហាញនៅក្នុងអង្គសវនាការនេះ មិនដូចដើមទាំងស្រុងទេ ពោលបានកាត់ជាកំណត់ៗ ខណៈដែលចំណុចសំខាន់មួយចំនួន ជាផលប្រយោជន៍សម្រាប់គាត់ គឺត្រូវបានកាត់ចេញ ហើយលោក កឹម សុខា ឲ្យ USB ថ្មីមួយទៅក្រុមប្រឹក្សាជំនុំជម្រះ ដោយអះអាងថា ជាវីដេអូឃ្លឹបទាំងស្រុងរបស់លោក។

លោកមេធាវី គី តិច បានឲ្យដឹងថា សវនាការពេញមួយព្រឹកមិញនេះ មិនទាន់ចូលដល់ដំណាក់កាលអង្គសេចក្ដីនៅឡើយទេ ពោលគឺក្រុមប្រឹក្សាជំនុំរឿងគ្រាន់តែសួរអំពីដំណើររឿងតែប៉ុណ្ណោះ ហើយអង្គសវនាការនឹងបន្ដនៅរសៀលនេះទៀត៕