ភ្នំពេញ៖ ស្រ្តីម៉ាស្សាម្នាក់ ប្រើល្បិចឲ្យភ្ញៀវស្រីជនជាតិលីបី ដេកផ្កាប់មុខដើម្បីម៉ាស្សា រួចបានធ្វើសកម្មភាពលួចលូកយកលុយក្នុងកាបូបស្បាយ តែជនរងគ្រោះឃើញទាន់ ស្រែកផ្អើលសមត្ថកិច្ចល្បាត ចុះទៅអន្តរាគមន៍ឃាត់ខ្លួនយកមកសាកសួរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំណុច ផ្ទះលេខ16E0 ផ្លូវលេខ១៧៨ភូមិ០១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ BEN AHMED RABIA AHMIDA ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិលីបី មុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ PYKQHL89 ស្នាក់នៅសណ្ឋាគារ Diamond សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
ជនសង្ស័យឈ្មោះ មើន ច្រឹប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកម៉ាស្សា មានទីលំនៅផ្ទះលេខ១៦E0 ផ្លូវលេខ១៧៨ ភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ។ ធ្វើសកម្មភាពលួចលុយចំនួន ១,០០០យូរ៉ូ ដោយ ៨០០យូរ៉ូ ប្រគល់ឲ្យបក្ខពួកយករត់គេច ។
មុនពេលកើតហតុ ជនរងគ្រោះបានចូលទៅម៉ាស្សា នៅក្នុងហាងខាងលើ ហើយជនសង្ស័យប្រាប់ឲ្យជនរងគ្រោះដាក់កាបូបស្ពាយដែលមានលុយចំនួន ១,០០០យូរ៉ូ ដាក់ក្បែរគ្រែ ហើយឲ្យដេកផ្កាប់មុខដើម្បីម៉ាស្សា រួចជនរងគ្រោះធ្វើសកម្មភាពលួចលូកយកលុយ៨០០យូរ៉ូ ប្រគល់ឲ្យបក្ខពួកម្នាក់ទៀតយករត់គេច តែជនរងគ្រោះឃើញទាន់ ស្រែកផ្អើលសមត្ថកិច្ចល្បាត ចុះទៅអន្តរាគមន៍ឃាត់ខ្លួនមកសាកសួរ និងដោះស្រាយតាមនីតិវិធី៕