ខេត្តព្រៃវែង៖ យុវតីជា«បងធំមេសាង» ដែលគំរាមវាយគូជម្លោះថតវីដេអូ បង្ហោះតាមបណ្ដាញសង្គម Facebook ត្រូវបានតុលាការអនុញ្ញាតត្រឡប់ទៅផ្ទះវិញ ហើយគណៈអភិបាលស្រុកមេសាង នឹងធ្វើវេទិការសាធារណៈ នៅក្នុងបរិវេនវិទ្យាល័យមេសាង ដោយតម្រូវឲ្យយុវតីទំនើងរូបនេះ មកសារភាពកំហុស និងសូមទោសជនរងគ្រោះជាសាធារេណៈផងដែរ។

យុវតីជា«បងធំមេសាង»នោះ មានឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីយុវតីខាងលើមានបក្ខពួកជាច្រើននាក់បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត មកពីស្រុកផ្សេង គំរាមរកវាយ ដោយសារតែភាគីម្ខាងទៀត បានមើលមុខឌឺដងដាក់ខ្លួន ក្រោយពេលមកពីមើលគេប្រកួតបាល់នៅវិទ្យាល័យមេសាង។
លោក នៅ ហាច អធិការនគរបាលស្រុកមេសាង បានឲ្យដឹងថា៖ ក្រោយពីបានឃើញវីដេអូខាងលើ លោកបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនយុវតីខាងលើយកមកសួរនាំនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ និងបានបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បន្តតាមនីតិវិធី។ តែត្រូវបានតុលាការអនុញ្ញាតឲ្យយុវតីជា«បងធំមេសាង»ឈ្មោះ ចាន់រី ត្រឡប់ទៅផ្ទះវិញ ដោយមិនធ្វើការចោទប្រកាន់ពីបទល្មើសអ្វីឡើយ ដោយគ្រាន់តែឲ្យអាណាព្យាបាលធ្វើលិខិតធានាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះទៀត តែតម្រូវឲ្យយុវតីទំនើងរូបនេះ មកសារភាពកំហុស និងសូមទោសជនរងគ្រោះជាសាធារណៈផងដែរ។
ករណីនេះ មិនមែនជាបទល្មើសព្រហ្មទណ្ឌទេ តែសមត្ថកិច្ចនគរបាលស្រុកមេសាង បានចាប់យុវតីទំនើងរូបនេះដែលជាអនីតិជន និងជាសិស្សសាលា វាយខ្នោះ និងថតរូប មើលតែទោសឧកក្រិដ្ឋ ទើបឪពុកម្ដាយយុវតីទំនើងផ្ទុះប្រតិកម្មនឹងសមត្ថកិច្ចដែលចាប់វាយខ្នោះកូនស្រីរបស់ខ្លួន គ្រាន់តែកំហុសប៉ុណ្ណឹង ត្រៀមប្តឹងបកសមត្ថកិច្ចវិញ ទើបបណ្ដាលមានរឿងវែងឆ្ងាយ រហូតដល់អយ្យការ បញ្ជាឲ្យបញ្ជូនទៅតុលាការ