ខេត្តតាកែវ៖ ក្មេងបុរសម្នាក់ បានបាត់ខ្លួនឈឹង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ធ្វើឲ្យនារីជាម្តាយភ័យស្លន់ស្លោតាមរកកូនគ្រប់ទីកន្លែង ថែមទាំងប្រកាសរកតាមហ្វេសហប៊ុកទៀត តែអកុសល ពេលរកឃើញ បែរជាកូនប្រុសក្លាយជាសាកសពទៅហើយ។

សពក្មេងបុរសរងគ្រោះត្រូវបានគេរកឃើញ កាលពីវេលាម៉ោង៣ និង៤០នាទី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចអាងទឹកក្បែរវិហារ ផ្នែកខាងជើងឈៀងខាងលិច ក្នុងវត្តពោធិវង្សលើក្នុងភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។


សពក្មេងរងគ្រោះឈ្មោះ ឈឺន សុភា ភេទប្រុស អាយុ២ខួប៦ខែ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ មានឪពុកឈ្មោះ តុង ចាន់ អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ និងម្តាយឈ្មោះយស់ រចនា អាយុ៣១ឆ្នាំ មានទីភូមិឃុំជាមួយគ្នា។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ សហការជាមួយក្រុមគ្រូពេទ្យបង្អែកស្រុកគិរីវង់ និងកម្លាំងជំនាញផ្នែកវិភាគ និងពិនិត្យកន្លែងកើតហេតុខេត្តតាកែវ ទៅពិនិត្យសពក្មេងប្រុសរងគ្រោះ ឃើញថា ក្មេងរងគ្រោះពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីទេ ។ បន្ទាប់មក បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕